(ឡុងដ៍)៖ Laura Robson ជាកីឡាការិនីអង់គ្លេសដែលបានឈ្នះពានរង្វាន់ជើងឯកវ័យក្មេង នៅឯព្រឹត្តិការណ៍ Wimbledon ត្រឹមវ័យ ១៤ឆ្នាំ និងដណ្តើមបានមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ Olympic ក្នុងវ័យ ១៨ឆ្នាំនោះ បានអះអាងពីការចូលនិវត្តន៍របស់នាងពីកីឡាតេន្នីស។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

កីឡាការិនីវ័យ ២៨ឆ្នាំរូបនេះបានឡើងទៅកាន់លំដាប់ទី២៧ ក្នុងចំណាត់ថ្នាក់ពិភពលោក និងបានឡើងទៅកាន់ការប្រកួតជុំទី៤ នៅឯព្រឹត្តិការណ៍ Wimbledon និងព្រឹត្តិការណ៍ US Open។

ប៉ុន្តែក្រោយមក នាងបានរងការរំខានដោយបញ្ហារបួស ដោយបានវះកាត់កដៃក្នុងឆ្នាំ២០១៤ ហើយប៉ុន្មានឆ្នាំថ្មីៗនេះបានទទួលការវះកាត់ត្រគាកចំនួន ៣លើក។

«ខ្ញុំបានឆ្លងកាត់គ្រប់លទ្ធភាពនៃការស្តារនីតិសម្បទា និងការវះកាត់» Robson បានប្រាប់សារព័ត៌មាន BBC Sport។ នាងបានបន្ថែមថា «ខ្ញុំបានមានអារម្មណ៍ថាប្លែក ក្នុងការនិយាយវាចេញមក ប៉ុន្តែខ្ញុំបានធ្វើរួចរាល់ហើយ។ ខ្ញុំចូលនិវត្តន៍ហើយ»