(ភ្នំពេញ)៖ ថ្ងៃស្អែកនេះក្រុមហ៊ុនធំៗចំនួនពីរ គឺម៉ាស្ទ័រ ស៊ុគីស៊ុប និងធនាគារឯកទេស AEON នឹងផ្តល់ឱកាសការងារចំនួន២៤៤កន្លែង ក្នុងកម្មវិធី កិច្ចសម្ភាសប្រចាំខែ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចំពោះសិស្សនិស្សិត និងអ្នកកំពុងតែស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប ដើម្បីដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាង ក្រុមហ៊ុនទាំងពីរចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។

លោក ឆោម សុខឿន ប្រធានស្តីទីមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានលើកឡើងថា កិច្ចសម្ភាសការងារនេះជាព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ការងារជាច្រើនរបស់ NEA។ កិច្ចសម្ភាសនេះមានលក្ខណៈខុសគ្នា ពីវេទិកាការងារបន្តិច ខុសគ្នាដ្បិតមិនតម្រូវឲ្យមានក្រុមហ៊ុនចូលរួមច្រើននោះទេ ពោលគឺយកតែ១-២ក្រុមហ៊ុនប៉ុណ្ណោះ។ សម្រាប់អ្នកស្វែងរកការងារធ្វើ គ្រាន់តែកាន់ប្រវត្តិរូបចូលទៅជួបតំណាងក្រុមហ៊ុនកំពុងរង់ និងបានសម្ភាសបានភ្លាមៗតែម្តង។

កិច្ចសម្ភាសការងារប្រចាំខែនេះ នឹងត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវ វិធានការណ៍អនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល តាមវិធានការ៣ការពារ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើស រើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕