(ទីក្រុងប៉េកាំង)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គីសនី Tesla Inc កំពុងតែជួបប្រទះនឹងបញ្ហាដំណើរការរថយន្តដែលផលិតនៅក្នុងប្រទេសចិន ខណៈដែលថ្មីៗនេះក៏ទទួលបានដំណឹងថាក្រុមហ៊ុនកំពុងតែប្រកាសប្រមូលរថយន្តក្នុងចំនួនដ៏ច្រើនថែមទៀតផងដើម្បីយកទៅជួសជុលប្រព័ន្ធដំណើរការឡើងវិញ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

ប្រភពពីទីភ្នាក់ងារត្រួតពិនិត្យទីផ្សាររបស់ប្រទេសចិនបានបង្ហាញឱ្យដឹងនៅថ្ងៃចន្ទថា ក្រុមហ៊ុន Tesla កំពុងតែប្រមូលរថយន្ត Model 3 និង Model Y ដែលផលិតនៅក្នុងប្រទេសចិនចំនួន ១០៧,២៩៣ គ្រឿងដោយសារតែការឡើងកំដៅខ្លាំងដែលអាចបណ្តាលឱ្យ Touchscreen Display (មុខងារសម្រាប់បង្ហាញទីតាំង) ដំណើរការខុសប្រក្រតី ក្នុងចំណោមបញ្ហាផ្សេងទៀត។

បើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយរដ្ឋបាលគ្រប់គ្រងបទប្បញ្ញត្តិទីផ្សារ (SAMR) បានលើកឡើងទាក់ទងនឹងបញ្ហាឡើងកំដៅខ្លាំងនេះថា វាអាចនឹងនាំឱ្យមានដំណើរការខុសប្រក្រតីផ្សេងទៀត រួមទាំងអាចបង្កជាបញ្ហាក្នុងការកំណត់កញ្ចក់ខាងមុខ និងបញ្ហាចំពោះការបង្ហាញប្រអប់លេខ ក៏ដូចជាអាចបង្កជាគ្រោះថ្នាក់ផងដែរ៕