(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid Practise 2022 បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ២ថ្ងៃ ពីរាជធានីភ្នំពេញ ទៅខេត្តកំពត ហើយត្រឡប់មកបញ្ចប់នៅរាជធានីភ្នំពេញនាចុងសប្ដាហ៍កន្លងទៅ ដោយទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីសំណាក់អ្នកចូលរួម ទាំងកីឡាករជាតិ និងអន្ដរជាតិ។

លោក សុំ មនោរម្យ តំណាងលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថានបានកោតសរសើរ ចំពោះក្រុមការងារ Kara កម្ពុជា ដែលបានផ្ដួចផ្ដើម និងកៀរគរវិស័យឯកជន ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាខាងលើ ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាយានយន្ដកម្ពុជា តាមរយៈការផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីមានបទពិសោធន៍ក្មេងខ្ចីបានបង្ហាញសមត្ថភាព និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន។

លោកបន្ដថា ព្រឹត្តិការណ៍នេះ ក្រៅពីលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡាយានយន្ដកម្ពុជា ក៏ជាការរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍ផ្សេងៗនៅតាមខេត្ត ក៏ដូចជាតំបន់ធម្មជាតិ ដែលបានរៀបចំការប្រកួតឆ្លងកាត់ផងដែរ ដើម្បីបង្ហាញនូវសក្ដានុពលទេសចរណ៍ធម្មជាតិ ក្នុងន័យជំរុញ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅលេងកម្សាន្ដ ជាមួយធនធានធម្មជាតិដ៏សម្បូរបែប លើទឹកដីប៉ែកនិរតី នៃកម្ពុជា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid Practise 2022 រៀបចំដោយក្រុមការងារ Kara កម្ពុជា ក្រោមការគាំទ្ររបស់ក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជា និងសហព័ន្ធកីឡាយានយន្តកម្ពុជា ហើយក៏ជាព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គលើកដំបូង ដែលរៀបចំដោយក្រុមគណៈកម្មការខ្មែរសុទ្ធសាធផងដែរ។ អ្នកចូលរួមប្រកួតព្រឹត្តិការណ៍នេះ មានចំនួនប្រមាណ ១២០នាក់៕