(ក្រុងឡុងដ៍)៖ កាំភ្លើងធំ Arsenal នឹងលំបាកក្នុងការប្រជែងកៅអី Top-4 ដែលជាតំបន់ក្រុមលេងពានអឺរ៉ុប UEFA Champions League សម្រាប់រដូវក្រោយ បន្ទាប់ពីបរាជ័យ ២ទល់នឹង០ ក្រោមថ្វីជើងរបស់សារិកាព្រៃ Newcastle United នៅរាត្រីឆ្លងចូលថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។

ការចាញ់ជាលើកទី២ នេះដែរបានធ្វើឲ្យពួកគេបន្តឈរនៅលេខរៀងទី៥ ជាបណ្តោះអាសន្នជាមួយ ៦៦ពិន្ទុគិតត្រឹមសប្តាហ៍ទី៣៧ ដោយសល់ ១ប្រកួតក្នុងដៃមុនពេលបិទរដូវកាល នៅពេល Tottenham Hotspur នាំមុខ ២ពិន្ទុដែលឈរនៅចំណាត់ថ្នាក់លេខ៤។

ក្រុមរបស់លោក Mikel Arteta បានបាត់បង់ពិន្ទុ ២សប្តាហ៍ជាប់ៗគ្នា នៅក្រោយពេលចាញ់ម្ចាស់ផ្ទះ Spurs ៣ទល់នឹង០ ផងដែរកាលសប្តាហ៍មុន និងជាការសងសឹកបានសម្រេចវិញផងដែរសម្រាប់ Newcastle ដែលដឹកនាំដោយលោក Eddie Howe នៅពេលពួកគេចាញ់ក្នុងលទ្ធផល ២ទល់នឹង០ ដូចគ្នាកាលជើងទី១ នៅទឹកដី Emirates នាចុងឆ្នាំ២០២១។

ខ្សែការពារ Ben White បានធ្វេសប្រហែសចូលទីខ្លួនឯង ត្រឹមចាប់ផ្តើមលេងវគ្គទី២ បាន ១០នាទី នៅមុនពេល Guimaraes បន្ថែមគ្រាប់ទី២ នៅនាទី៨៥ បង្កើនពិន្ទុឲ្យសារិកាព្រៃកើនដល់ ៤៦ពិន្ទុឈរនៅលេខរៀងទី១២។

តែយ៉ាងណា Arsenal នឹងបានកៅអីលេង UCL សម្រាប់រដូវកាលក្រោយ ប្រសិនបើអាចយកឈ្នះក្រុមភ្ញៀវ Everton ចុងសប្តាហ៍នេះ នៅពេល Spurs បរាជ័យក្នុងផ្ទះរបស់ក្រុមចាប Norwich City នៅថ្ងៃប្រកួតបិទរដូវកាលនេះនារាត្រីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ព្រមគ្នាតែម្តង៕