(ហាណូយ)៖ កម្ពុជាបានបន្ថែមមេដាយមាស ១គ្រឿងទៀតហើយ ដោយក្រុមកីឡាប៉េតង់ បន្ទាប់ពីប្រកួតឈ្នះក្រុមម្ចាស់ផ្ទះវៀតណាម ដោយលទ្ធផល ១៣- ៤ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រមុននេះបន្ដិច នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ។

កីឡាករ-កីឡាការិនីប៉េតង់កម្ពុជា ដែលបានចាប់ដៃគ្នាផ្ដួលក្រុមម្ចាស់ផ្ទះវៀតណាម ដណ្ដើមមេដាយមាសជូនជាតិនេះ គឺមានកីឡាករវ័យក្មេង ស៊ីន វង់ និងកីឡាការិនី វង ចន្ថា ខណៈក្រុមប៉េតង់វៀតណាម គឺមានកីឡាករ Pha Nara Thach និងកីឡាការិនី Quang Nguyen Van ។ កាលពីវគ្គជម្រុះវិលជុំ កម្ពុជា ក៏បានយកឈ្នះក្រុមវៀតណាមនេះ ដោយលទ្ធផល ១៣-៨ពិន្ទុផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី១៧ ខែឧសភានេះ កម្ពុជា ដណ្ដើមបានមេដាយសរុប ១៥គ្រឿង រួមមានមេដាយមាស ២គ្រឿង មេដាយប្រាក់ ៤គ្រឿង និងមេដាយសំរឹទ្ធ ៩គ្រឿង៕