(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) គឺជាសាកលវិទ្យាល័យតែមួយគត់នៅអាស៉ីអាគ្នេយ៍ (អាស៊ាន) ដែលទទួលបានម៉ាស៉ីនសម្រាប់ផលិតម៉ាស៉ីន ពីក្រុមហ៊ុន DMG MORI ដែលជាក្រុមហ៊ុនលំដាប់លេខមួយនៅលើពិភពលោក ខាងផលិតគ្រឿងម៉ាស៉ីន របស់ប្រទេសអាល្លឺម៉ង់ និងជប៉ុន។

ម៉ាស៉ីនផលិតម៉ាស៉ីនដែលមានតម្លៃយ៉ាងថ្លៃ របស់ DMG MORI នឹងត្រូវមកដល់កម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ដែលម៉ាស៉ីនដ៏អស្ចារ្យខាងលើ នឹងត្រូវដាក់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីឲ្យនិស្សិតនៃមហាវិទ្យាល័យវិស្វកម្មអនុវត្តផ្ទាល់ ក្រោយពីសិក្សាទ្រឹស្តី តាំងពីឆ្នាំ២០១៩។

* តើម៉ាស៉ីនផលិតម៉ាស៉ីនជាអ្វី?

ម៉ាស៉ីនសម្រាប់ផលិតម៉ាស៉ីន ឬត្រូវបានគេស្គាល់ជាទូទៅថា ម៉ាស៉ីន CNC (Computerized Numerical Control) ឬម៉ាស៉ីនក្រឡឹង គឺជាម៉ាស៉ីនដែលផលិតគ្រឿងបន្លាស់ឲ្យម៉ាស៉ីនផ្សេងទៀត។ ឧទាហរណ៍ថា យើងចង់ផលិតម៉ាស៉ីនមួយសម្រាប់ប្រើប្រាស់ យើងត្រូវការគ្រឿងបន្លាស់ច្រើន ហើយម៉ាស៉ីន CNC អាចក្រឡឹង ឬបង្កើតគ្រឿងបន្លាស់នោះ ដើម្បីយកគ្រឿងបន្លាស់ទាំងនោះ ទៅផ្សំបញ្ចូលគ្នាឲ្យក្លាយជាគ្រោងឆ្អឹង បង្កើតបានជាម៉ាស៉ីនមួយទៀត។ នេះបើតាមលោក ឃឹម ចំរើន អ្នកសម្របសម្រួល នៃមជ្ឈមណ្ឌលកម្ពុជា-ជប៉ុន ឌីជីថល។

ចំពោះការផលិតគ្រឿងម៉ាស៉ីនមួយ បើគ្រឿងម៉ាស៉ីននោះត្រូវបានរៀបចំដំឡើងដោយមនុស្ស កម្រិតនៃភាពលម្អៀង ឬកំហុស មានច្រើនណាស់។ ប៉ុន្តែផ្ទុយទៅវិញ ចំពោះការផលិតគ្រឿងម៉ាស៉ីនមួយ បើគេប្រើប្រាស់ម៉ាស៉ីន CNC ក្នុងការរៀបចំដំឡើងវិញ កម្រិតនៃភាពលម្អៀង ឬកំហុស មានតិចបំផុត។

* RUPP មានគម្រោងបង្រៀនសិស្សឲ្យប្រើប្រាស់ម៉ាស៉ីននេះ តាំងពីឆ្នាំ២០១៩

បើតាមលោកបណ្ឌិត ងួន ផាន ភក្តី ព្រឹទ្ធបុរស នៃមហាវិទ្យាល័យវិស្វកម្ម នៅសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ គឺមិនទាន់មានប្រទេសណាមួយ ទទួលបានម៉ាស៉ីនដ៏អស្ចារ្យដូចកម្ពុជាឡើយ ក្នុងតំបន់អាស៊ាននេះ។ លោកបន្តថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្កើតជាអគារមួយស្រេចហើយ សម្រាប់ដាក់ម៉ាស៉ីនទំនើបរបស់ DMG នៅតែហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលសាលាត្រូវដាក់បន្ថែម។

លោកបញ្ជាក់ថា «DMG MORI គឺជាម៉ាស៉ីនផលិតម៉ាស៉ីន តែមួយគត់ដែលនៅអាស៉ីអាគ្នេយ៍ មិនទាន់មានប្រទេសណាមួយទទួលបានដូចកម្ពុជាទេ។ វាពិតជាអស្ចារ្យ ហើយនិស្សិតយើង មានសមត្ថភាពសិក្សា ដើម្បីប្រើប្រាស់ម៉ាស៉ីននេះ»

លោកបណ្ឌិត ងួន ផាន ភក្តី បានអះអាងដែរថា និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានសមត្ថភាពសិក្សា និងប្រើប្រាស់ម៉ាស៉ីននេះ តាមរយៈការបង្ហាត់បង្ហាញពីគ្រូអាល្លឺម៉ង់ និងជប៉ុន។ គ្រូៗដែលបង្ហាត់ ក៏បានឯកភាពពីសមត្ថភាពនិស្សិត ដែលរៀនផ្នែកនេះផងដែរ។

លោកបណ្ឌិត ងួន ផាន ភក្តី បានបន្តថា នៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ គឺជាសម័យដែលគ្រប់យ៉ាងយកបច្ចេកវិទ្យាមកជួយមនុស្ស។ ក្នុងន័យនេះ ម៉ាស៉ីន CNC របស់ក្រុមហ៊ុន DMG MORI គឺជាម៉ាស៉ីនផលិតម៉ាស៉ីន ជួយយ៉ាងច្រើនដល់មនុស្ស ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ ។ លោកបន្ថែមថា ការបង្កើតឲ្យមានគម្រោង បង្រៀនឲ្យចេះប្រើប្រាស់ម៉ាស៉ីនដ៏ទំនើបនេះ ដោយសារតែសាលាចង់អនុវត្តសកម្មភាព ដែលនិយាយពីបដិវត្តន៍ឧស្សាហកម្ម ៤.០ ។

លោកបានឲ្យដឹងទៀតថា «តាមគំនិងផ្តួចផ្តើមរបស់ជនបង្គោល គឺលោកបណ្ឌិត ម៉ី កន្យាណ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមួយក្រុមហ៊ុន DMG ថា យើងគួរធ្វើអ្វីមួយហើយ ដើម្បីតម្រង់ទិសសម្រាប់សម័យឧស្សាហកម្ម ប្រើម៉ាស៉ីនទំនើបហ្នឹង។ ហើយផ្តើមចេញពីក្រុមការងារនៃមហាវិទ្យាល័យវិស្វកម្ម ទើបមានគម្រោងនេះកើតឡើង»

សូមជម្រាបថា លោកបណ្ឌិត ម៉ី កន្យាណ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ក៏បានជួបពិភាក្សា ជាមួយលោកបណ្ឌិត Masahiko Mori ស្ថានិកក្រុមហ៊ុន DMG MORI និងជានាយកក្រុមហ៊ុន DMG MORI និងលោក Jun Arii ប្រធានចាត់ការទូទៅ អភិវឌ្ឍន៍អាជីវកម្ម ក្រុមហ៊ុន DMG MORI ប្រចាំអាស៊ាន។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាជាច្រើន ពីវឌ្ឍនភាពនៃគម្រោងសិក្សាម៉ាស៉ីន DMG MORI ។ ភាគីជប៉ុន បានកោតសរសើរភាគីកម្ពុជា ដែលអនុវត្តគម្រោងនេះបានល្អ ខណៈដែលភាគីកម្ពុជា ប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងអនុវត្តគម្រោងខាងលើ កាន់តែល្អប្រសើរ។

* ហេតុអ្វីបានជា DMG MORI ផ្តល់ម៉ាស៉ីនផលិតម៉ាស៉ីនឲ្យទៅ RUPP ?

គួរជម្រាបដែរថា ក្រោយបញ្ចប់ជំនួបទ្វេភាគី រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក គីស៉ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ អំឡុងពេលនាយករដ្ឋមន្ត្រីជប៉ុន បំពេញទស្សនកិច្ចនៅកម្ពុជា ភាគទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលក្នុងនោះក៏មានការលើកឡើង ពាក់ព័ន្ធនឹងការវិនិយោគសម្រាប់អនាគតនៅអាស៉ី។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា ក្រោមគំនិតផ្តួចផ្តើមរបស់ជប៉ុន ស្តីពីការវិនិយោគសម្រាប់អនាគតនៅអាស៉ី នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពពង្រឹងការអភិវឌ្ឍធនធានមនុស្សផ្នែកឧស្សាហកម្ម ដែលមានជំនាញខ្ពស់ ដោយសហការជាមួយ មជ្ឈមណ្ឌលកម្មន្តសាលឌីជីថលកម្ពុជា-ជប៉ុន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ធុរកិច្ចរបស់ប្រទេសទាំងពីរ ក្នុងការបង្កើតឧស្សាហកម្មថ្មី ដើម្បីដោះស្រាយបញ្ហាសង្គម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល៕