(ហារ៉ា)៖ លីគបាល់ទាត់ Premier Soccer League (PSL) របស់ប្រទេសហ្ស៊ីមបាវ៉េ ត្រូវបានផ្អាកគ្រប់ការប្រកួតទាំងអស់រហូតដល់មានការជូនដំណឹងបន្ថែម បន្ទាប់ពីមានការលុកលុយចូលទីលាន ការប្រើប្រាស់អំពើហិង្សា និងការបំផ្លិចបំផ្លាញនៅអំឡុងពេលប្រកួតរវាងក្រុម Highlanders និងក្រុម Dynamos កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

ការប្រកួតដ៏ធំបំផុតនៅក្នុងវិស័យបាល់ទាត់ហ្ស៊ីមបាវ៉េ ត្រូវបានបោះបង់ចោលដោយសាររូបភាពនៅឯកីឡដ្ឋាន Barbourfields Stadium ក្នុងទីក្រុង Bulawayo ក្នុងនោះរួមទាំងអ្នកគាំទ្រម្នាក់បានវាយប្រហារទៅលើមន្ត្រីអាជ្ញាកណ្តាល របងបរិវេណត្រូវបានរុញច្រាន ហើយសំណាញ់ទីមួយ ត្រូវបានហែកដោយអ្នកគាំទ្រក្រុម Dynamos ដែលពួកគេក៏បានបំផ្លាញកន្លែងត្រួតពិនិត្យផងដែរ។

ហេតុការណ៍នេះបានផ្ទុះឡើង បន្ទាប់ពីក្រុម Highlanders បាននាំមុខ ១-០ ក្នុងម៉ោងបន្ថែមនៃតង់ទី២ ជាមួយនឹងក្រុម Dynamos បានធ្វើការតវ៉ា អំពីការប្រជែងលើអ្នកចាំទីរបស់ពួកគេ។

ការសម្រេចរបស់ PSL មានន័យថា ហ្ស៊ីមបាវ៉េបានផ្អាកទាំងការប្រកួតលីគកំពូលក្នុងស្រុក និងការប្រកួតអន្តរជាតិផងដែរ ខណៈប្រទេសមួយនេះ ក៏បានស្ថិតក្រោមការហាមឃាត់របស់ FIFA ផងដែរ។

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក បានផ្អាកហ្ស៊ីមបាវ៉េកាលពីខែកុម្ភៈ ដោយសារតែការជ្រៀតជ្រែករបស់រដ្ឋាភិបាល លើដំណើរការប្រកួតនៅក្នុងប្រទេស៕