(បរទេស)៖ Samsung កំពុងតែទទួលបានចំណាប់អារម្មទ្វេដងទៅលើស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួន ខណៈដែលក្រុមហ៊ុនក៏កំពុងតែត្រៀមខ្លួនក្នុងការចេញលក់ស្មាតហ្វូនជំនាន់ក្រោយ Galaxy Z Fold 4 និង Galaxy Z Flip 4 ផងដែរ នៅប៉ុន្មានខែខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

បើតាមប្រភពពី Sam Mobile បានអះអាងថា Samsung បានចាប់ផ្តើមការផលិតទ្រង់ទ្រាយធំនៃសមាសធាតុស្នូលដែលប្រើប្រាស់នៅក្នុងស្មាតហ្វូន Galaxy Z Fold 4 និង Galaxy Z Flip 4 ប៉ុន្តែគេមិនបានបញ្ជាក់លម្អិតនោះទេថាស្មាតហ្វូនដែលគ្រោងចេញខាងមុខនេះនឹងមានមុខងារពិសេសអ្វីខ្លះ។

យ៉ាងណាមិញ Samsung រំពឹងថានឹងដាក់លក់ស្មាតហ្វូនដែលអាចបត់បានច្រើនជាង ១០លានគ្រឿងនៅឆ្នាំនេះ។ ដោយមើលឃើញពីភាពពេញនិយមរបស់ស្មាតហ្វូន Galaxy Z Fold 3 ដែលទទួលបានប្រជាប្រិយភាពជាងបើធៀបទៅនឹងស្មាតហ្វូន Galaxy Z Flip 3 ដូច្នេះនៅឆ្នាំនេះគេទំនងជាផ្តោតទៅលើការផលិត Galaxy Z Fold 4 នាពេលខាងមុខអាចមានចំនួនច្រើនប្រហែលខ្ទង់ ៧០ភាគរយនៃស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន។

ប្រសិនបើ Samsung អាចលក់បានទៅតាមគោលដៅកំណត់របស់ខ្លួននៅឆ្នាំនេះ នោះវានឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ខណៈដែលវាក៏ជាលើកដំបូងនៃស្មាតហ្វូនដែលអាចបត់បានបែបនេះ ដោយអាចឈានជើងចូលទីផ្សារប្រហែល ១ភាគរយនៃស្មាតហ្វូនទាំងអស់ដែលបានចែកចាយទូទាំងពិភពលោកផងដែរ។

បើទោះបីជាស្មាតហ្វូនដែលអាចបត់បាននៅតែមានតម្លៃថ្លៃជាងស្មាតហ្វូនធម្មតាក៏ដោយ យើងក៏នៅតែរំពឹងថាតម្លៃនោះអាចនឹងថយចុះនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដោយម៉ូដែលដែលអាចបត់បានបែបនេះនឹងមានកាន់តែច្រើនពី Brand ផ្សេងៗដែលចូលទៅកាន់ទីផ្សារ។ ហើយមួយវិញទៀតតម្លៃទាបក៏អាចនាំឱ្យអ្នកប្រើប្រាស់កាន់តែច្រើនងាកទៅប្រើប្រាស់ស្មាតហ្វូនដែលអាចបត់បាន ក៏ដូចជាជួយបង្កើនទីផ្សាររបស់ពួកគេទូទាំងពិភពលោកថែមទៀតផង៕