(ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាបមកហើយថា ឪពុកនិងម្តាយ របស់តារាចម្រៀង សុវត្ថិឌី ធារិកា បានទទួលមរណភាពនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ដោយសារជួបនឹងគ្រោះថ្នាកចរាចរណ៍ក្រឡាប់រថយន្តនៅខេត្តព្រះវិហារ។ យ៉ាងណាមិញ សម្រាប់សពឪពុកម្តាយរបស់តារាចម្រៀងរូបនេះ កំពុងត្រូវបានក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យនៅវត្តស្ទឹងមានជ័យ ក្រោមសំឡេងទួញសោក ស្រណោះអាឡោះអាល័យជាពន់ពេក ពីសំណាក់ក្រុមគ្រួសារ និងសាច់ញាតិ។

តារាចម្រៀង អ៊ាម វន្នី ដែលជាអ្នកស្និទ្ធស្នាលនឹងតារាចម្រៀង សុវត្ថិឌី ធារិកា បានថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិចថា «ខ្ញុំ អ៊ាម វន្នី សូមជម្រាបជូនដំណឹងដល់ញាតិមិត្តរបស់កញ្ញា សុវត្ថិឌី ធារិកា ថា ពេលនេះគ្រួសាររបស់កញ្ញាមានទុក្ខជាទម្ងន់ ដោយប៉ាម៉ាក់របស់គាត់បានបាត់បង់ជីវិតទាំងពីរនាក់ក្នុងគ្រោះថ្នាក់ចរាចរ នៅស្រុកឆែប ខេត្តព្រះវិហារ ក្នុងវេលាម៉ោងប្រហែល៣រសៀល។ ពេលនេះសពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តស្ទឹងមានជ័យ»

បន្ថែមពីនេះ គេសង្កេតឃើញថា នៅក្នុងពិធីបុណ្យសពម្តាយឪពុក របស់តារាចម្រៀង សុវត្ថិឌី ធារិកា គឺមានអ្នកសិល្បៈគ្រប់មជ្ឈដ្ឋានតែម្តងមកចូលរួម ដើម្បីផ្តល់កម្លាំងចិត្តដល់ សុវត្ថិឌី ធារិកា ក្នុងនោះគេឃើញមានវត្តមានប្រធានសមាគមសិល្បករខ្មែរ លោកស្រី ចន ច័ន្ទលក្ខិណា ផងដែរ។ ជាមួយគ្នានេះ សម្រាប់សពម្តាយឪពុករបស់ សុវត្ថិឌី ធារីកា ត្រូវបានបញ្ជាក់ថា នឹងបូជានៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ។

គួរជម្រាបថា រថយន្ដរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យស្លាប់ឪពុក និងម្ដាយ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ ក្រោយត្រឡប់មកពីចូលរួមកម្មវិធីសម្ពោធ និងសំណង់សិល្បការផ្សេងៗ នៅស្រុកឆែប ខេត្តព្រះវិហារ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ៕