(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក និងសម្ភារ តំណាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រីមួយចំនួនទៀតនៃអាជ្ញាធរជាតិអប្សរាបានចូលរួមក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២២ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប នាបរិវេណវត្តទេពពោធិ៍វង្ស ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

មានព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកថេរសភា ព្រះធម្មសិរី អាភាករោ ជុំ គឹមឡេង ព្រះមេគុណខេត្ត លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី យូ សុភា អភិបាលរងខេត្ត ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋប្រមាណ៧០០នាក់។

ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ និងមន្ត្រីនៃអាជ្ញាធរជាតិអប្សរា តែងតែចូលរួមមិនដែលខកខានឡើយ ជាមួយអាជ្ញាធរខេត្តក្នុងទិវាជាតិនៃការចងចាំ ដើម្បីរក្សាប្រពៃណីនៃការចងចាំនូវមហាឧក្រិដ្ឋកម្ម និងដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធប្រជាជនកម្ពុជារាប់លាននាក់ ដែលបានបាត់បង់ជីវិតយ៉ាងអាណោចអធ័ម និងអយុត្តិធម៌ជាទីបំផុត ដោយនយោបាយប្រល័យពូជសាសន៍នៃរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត។

ទិវានេះត្រូវបានចាប់ផ្តើមឡើង ចាប់ពីម៉ោង៦៖០០នាទី ដល់ម៉ោង១០៖០០ព្រឹក ដោយមានពិធីរាប់បាត្រចំពោះព្រះសង្ឃចំនួន៧៣អង្គ៕