(ភ្នំពេញ)៖ ក្រុមហ៊ុន JC Airlines បានចេញសេចក្តីថ្លែងការណ៍ ស្តីពីការបញ្ចប់ការផ្ទេរកម្មសិទ្ធិភាគហ៊ុនរបស់ក្រុមហ៊ុន JC (Cambodia) International Airlines Co., Ltd. ដោយបានបញ្ជាក់ថា បច្ចុប្បន្ននៅមិនទាន់ បានធ្វើការផ្ទេរភាគហ៊ុនរបស់ក្រុមហ៊ុន JC Airlines ទៅឲ្យភាគីផ្សេងទៀតនៅឡើយទេ។ នេះបើតាមសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្ដីថ្លែងការណ៍ ដែលទទួលបាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានការនិយាយតគ្នានៅលើបណ្តាញអ៊ីនធឺណែតថា ភាគហ៊ុនរបស់ក្រុមហ៊ុន JC (Cambodia) International Airlines Co., Ltd. (តទៅនេះ ហៅកាត់ថា ក្រុមហ៊ុន JC Airlines) ត្រូវបានផ្ទេរទៅឲ្យភាគីផ្សេង។

ចំពោះរឿងនេះ ក្រុមហ៊ុន JC Airlines សូមបញ្ជាក់ថា ដោយសារតែការកែសម្រួលយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនមេ ពិតជាមានបំណងក្នុងការផ្ទេរភាគហ៊ុន របស់ក្រុមហ៊ុន JC Airlines ប៉ុន្តែបច្ចុប្បន្ននៅមិនទាន់ បានធ្វើការផ្ទេរភាគហ៊ុនរបស់ក្រុមហ៊ុន JC Airlines ទៅឲ្យភាគីផ្សេងទៀតនៅឡើយទេ។

ដំបូងឡើយ ក្រុមហ៊ុន MOVING SPORTS COMPANY LIMITED និងរូបវន្តបុគ្គលឈ្មោះ Lu Jingpan បានដឹងដំណឹងថា ក្រមហ៊ុន JC Airlines មានបំណងផ្ទេរភាគហ៊ុន រួចក៏បានទំនាក់ទំនងជាមួយក្រុមហ៊ុន JC Airlines ជាច្រើនដងដោយបង្ហាញថា មានបំណងក្នុងការទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន JC Airlines និងបានចុះ ”កិច្ចព្រមព្រៀងផ្ទេរកម្មសិទ្ធិភាគហ៊ុន” នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

ប៉ុន្តែ ភាគីម្ខាងទៀតធ្វើការពន្យារពេលដោយហេតុផលផ្សេងៗ ហើយមិនបានអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមហ៊ុន JC Airlines សូមក្រើនរំលឹកដល់មហាជនថា ភាគីម្ខាងទៀតអាចជាក្រុមហ៊ុនបោកប្រាស់ ដូច្នេះសូមប្រយ័ត្នក្នុងការចាញ់បោក៕

ខាងក្រោមនេះ គឺជាសេចក្តីថ្លែងការណ៍ផ្លូវការ នៃការបញ្ចប់ការផ្ទេរកម្មសិទ្ធភាគហ៊ុន ដែលចេញដោយក្រុមហ៊ុន JC Airlines៖