(បារាំង)៖ មហោស្រពភាពយន្ត អន្តរជាតិក្រុងកាន (Cannes នៅប៉ែកខាងត្បូងប្រទេសបារាំង) បានរៀបចំប្រារព្ធឡើងសម្រាប់ឆ្នាំទី៧៥របស់ខ្លួន ដោយមានការចូលរួមពីសំណាក់តារាភាពយន្តល្បីៗជាច្រើន និងមានខ្សែភាពយន្តជាច្រើន ចូលរួមប្រកួតផងដែរ។ យ៉ាងណាមិញក្នុងឆ្នាំនេះ នៅថ្ងៃបើកកម្មវិធីដំបូង គេឃើញមានវត្តមាន ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy ចូលរួមបើកឆាកតែម្តង តាមរយៈវីដេអូអនឡាញ ដោយបានអំពាវនាវឲ្យវិស័យកុនជុំវិញពិភពលោក ចូលរួមប្រឆាំងសង្គ្រាមនៅអ៊ុយក្រែនបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

តាមរយៈការចូលរួមនេះ លោក Zelenskiy បាននិយាយដោយសង្កត់ធ្ងន់ថា សព្វថ្ងៃនេះវិស័យកុនក៏មិននៅស្ងៀមចំពោះបញ្ហាសង្គ្រាម ដែលកំពុងកើតឡើងដែរ។ លោកថា ប្រទេសរបស់លោកត្រូវតែឈ្នះ ហើយត្រូវការវិស័យកុនបន្ថែមទៀត ដើម្បីប្រឆាំងនឹងរុស្ស៉ី ខណៈអ្នករៀបចំកម្មវិធីនេះ ក៏បានរំលេចពីការពិភាក្សាអំពីតួនាទីរបស់រោងកុន អំឡុងពេលវេលាសង្គ្រាមនេះផងដែរ។

ជាការកត់សម្គាល់ មហោស្រពភាពយន្តដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានចាប់ផ្តើមពីថ្ងៃទី ១៧-២៨ ខែឧសភា ហើយនឹងរួមបញ្ចូលការចាក់បញ្ចាំងភាពយន្តហូលីវូដ រួមទាំងរឿង «Top Gun: Maverick» របស់ Tom Cruise ផងដែរ។

គួររំឭកថា មហោស្រពភាពយន្ត «Cannes Film Festival» ឬមហោស្រពភាពយន្ត អន្តរជាតិក្រុងកាន (Cannes នៅប៉ែកខាងត្បូងប្រទេសបារាំង) គឺជាមហោស្រពភាពយន្តដ៏ធំ និងចំណាស់មួយលើពិភពលោក ដែលមានអាយុកាល៧៥ឆ្នាំមកហើយ ពោលគឺត្រូវបានបង្កើតឡើង តាំងពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៤៦ មកម្ល៉េះ។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងជាប្រចាំ រៀងរាល់ឆ្នាំ នៅអំឡុងខែឧសភា ដោយមានការចូលរួមបង្ហាញស្នាដៃភាពយន្ត ឯកសារល្បីៗធំៗមកពីជុំវិញពិភពលោក៕