(អាមេរិក)៖ ក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកកំសាន្តដ៏ល្បីរបស់អាមេរិក Netflix បានបញ្ឈប់បុគ្គលិកខ្ទង់ ១៥០នាក់ បន្ទាប់ពីក្រុមហ៊ុនេះបានប្រកាស ពីការបាត់បង់អតិថិជនដ៏ច្រើនមិនធ្លាប់មានពីមុនមក ក្នុងរយៈពេល១០ឆ្នាំមកនេះ និងសំឡឹងឃើញពីការបន្តធ្លាក់ចុះប្រាក់ចំណូល នៅត្រីមាសបន្ទាប់ថែមទៀត។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNBC។

មុខតំណែងដែលត្រូវបានដកចេញទាំងនោះ គឺស្មើនឹងតិចជាង ២% នៃបុគ្គលិកចំនួន១១,០០០នាក់ របស់ក្រុមហ៊ុននេះ ខណៈអ្នកដែលត្រូវបានបញ្ឈប់ភាគច្រើន គឺនៅក្នុងទឹកដីសហរដ្ឋអាមេរិក។

ជុំវិញព័ត៌មាននេះ តំណាងរបស់ Netflix បានថ្លែងប្រាប់សារព័ត៌មាន CNBC ថា «ដូចដែលយើងបានពន្យល់អំពីប្រាក់ចំណូល និងកំណើនប្រាក់ចំណូលយឺតរបស់យើងកន្លងមក ដូច្នេះបានន័យថា យើងក៏ត្រូវកាត់បន្ថយចំណាយថ្លៃដើមរបស់យើង ក្នុងនាមជាក្រុមហ៊ុន។ ជារឿងគួរឲ្យសោកស្តាយមួយដែរ យើងកំពុងអនុញ្ញាតឲ្យបុគ្គលិកប្រហែល ១៥០នាក់ឈប់ពីការងារនៅថ្ងៃនេះ ដែលភាគច្រើនមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក...»។

គួរជម្រាបថា ការកាត់បន្ថយបុគ្គលិកនៅពេលនេះ បានកើតឡើងជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Netflix បានរាយការណ៍ពីការខាតបង់អតិថិជនលើកដំបូងរបស់ខ្លួន ក្នុងរយៈពេល១០ឆ្នាំមកនេះ និងព្យាករណ៍ពីការខាតបង់បន្តទៀត នាពេលអនាគតនៅក្នុងត្រីមាសបន្ទាប់។ ភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះជិត ៧០% ចាប់តាំងពីខែមករា ឆ្នាំ២០២២នេះ៕