(បរទេស)៖ ថ្មីៗនេះកំពូលមហាសេដ្ឋីលំដាប់ពិភពលោក លោក Elon Musk បានប្រកាសបង្ហាញឱ្យដឹងថា ឆាប់ៗខាងមុខនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គីសនី Tesla នឹងប្រារព្ឋទិវា AI Day 2 របស់ខ្លួន ដែលក្រុមហ៊ុននឹងបង្ហាញពីភាពជឿនលឿនចុងក្រោយបំផុតរបស់ខ្លួនទាក់ទងនឹងបញ្ញាសប្បនិម្មិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

មហាសេដ្ឋីរូបនេះបានបង្ហោះនៅក្នុង Twitter ដោយបង្ហាញឱ្យដឹងថា «គោលបំណងនៃ AI Day គឺដើម្បីបញ្ចុះបញ្ចូលទេពកោសល្យ AI / Software / Chip ដ៏អស្ចារ្យពីបណ្តាលក្រុមហ៊ុនផ្សេងៗឱ្យចូលរួមជាមួយ Tesla» ខណៈដែលព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។

យ៉ាងណាមិញ Musk មិនបានបញ្ជាក់ថាតើព្រឹត្តិការណ៍នេះនឹងត្រូវធ្វើនៅកន្លែងណា ឬពេលវេលាដែលនឹងត្រូវធ្វើឡើងនោះទេ។ ដោយកាលពីឆ្នាំមុនថ្ងៃសម្ពោធ AI Day គឺបានប្ររព្ឋឡើងនៅថ្ងៃទី១៩ ខែសីហានៅឯទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅ Palo Alto រដ្ឋ California ហើយបានចាប់ផ្តើមនៅម៉ោង ៥:០០ល្ងាច នឹងត្រូវបានផ្សាយបន្តផ្ទាល់នៅលើគេហទំព័រផ្លូវការរបស់ Tesla តែម្តង។

ដោយឡែកសម្រាប់ព្រឹត្តិការណ៍នៅឆ្នាំនេះក៏មិនខុសពីឆ្នាំមុននោះដែរ Tesla នឹងដាក់បង្ហាញពីការអាប់ដេតថ្មីៗជាច្រើនទាក់ទងទៅនឹង AI របស់ពួកគេសម្រាប់ប្រើនៅក្នុងរថយន្ត៕