(ប៉ារីស)៖ កីឡាករសញ្ជាតសេណេហ្គាល់ Idrissa Gueye របស់ក្លិប Paris St-Germain បានបដិសេធចូលរួមក្នុងការប្រកួត ដើម្បីគេចពីការពាក់អាវនិមិត្តសញ្ញាឥន្ទធនូ ដែលជាសញ្ញាគាំទ្រសិទ្ធអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ+), នេះបើយោងតាមសារព័ត៌មាន BBC Sport ចេញផ្សាយនាយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ។

កីឡាករវ័យ៣២ឆ្នាំ ដែលជាអតីតលេងនៅក្លិប Aston Villa និងក្លិប Everton រូបនេះ បានអវត្តមាន ពីការប្រកួតក្នុងលទ្ធផលឈ្នះ៤-០ កាលពីថ្ងៃអាទិត្យ លើក្រុម Montpellier។

អ្នកចាត់ការក្លិប PSG លោក Mauricio Pochettino បានត្រឹមលើកឡើងថា កីឡាករ Gueye បានខកខានពីការប្រកួត ដោយសារ "ហេតុផលផ្ទាល់ខ្លួន"។

កីឡាករ Cheikhou Kouyate របស់ក្លិប Crystal Palace និងកីឡាករ Ismaila Sarr របស់ក្លិប Watford បានបង្ហោះនៅលើប្រព័ន្ធទំនាក់ទំនងសង្គម ដោយបង្ហាញការគាំទ្ររបស់ពួកគេ ចំពោះជំហររបស់មិត្តរួមក្រុមជម្រើសជាតិសេណេហ្គាល់ របស់ពួកគេ។

សូមជម្រាបថា ការមានទំនាក់ទំនងផ្លូវភេទ ជាមួយអ្នកមានភេទដូចគ្នា គឺខុសច្បាប់នៅសេណេហ្គាល់ ហើយត្រូវមានទោស ដោយត្រូវជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ៕