(ហាណូយ)៖ កម្ពុជាបានបន្ថែមមេដាយចំនួន ៧គ្រឿង ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ នៅថ្ងៃទី១៨ ខែឧសភានេះ រួមមានមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ៤ ។ នេះបើតាមការបញ្ជាក់របស់នាយបេសកកម្មលោក វ៉ាត់ ចំរើន ។

សម្រាប់មេដាយដែលអត្តពលិកកម្ពុជា ដណ្ដើមបានថ្ងៃនេះ រួមមានកីឡាវ៉ូវីណាម ឈ្នះមេដាយ ៣គ្រឿង លើ ៣វិញ្ញាសាផ្សេងៗ នៃការប្រកួតថ្ងៃដំបូងរបស់ខ្លួន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម រួមមានមេដាយមាស ១ ដណ្ដើមបានលើវិញ្ញាសាក្រុមនារី១ បុរស ៣ មានអាវុធ ដោយកីឡាការិនី ប៉ាល់ ឆរស្មី, កីឡាករ លី បូរ៉ាមី, ជ្រិន ប៊ុនឡុង និងកីឡាករ ប្រាក់ សុវណ្ណនី ។ មេដាយប្រាក់ ១ ដណ្ដើមបានលើវិញ្ញាសាប្រយុទ្ធទម្ងន់ ៥៥គីឡូក្រាម គឺកីឡាការិនី សុខ សុភី និងមេដាយសំរឹទ្ធ ១ រកបានលើវិញ្ញាសាសម្ដែងការពារខ្លួនគ្មានអាវុធ ដោយកីឡាការិនី ប៉ាល់ ឆរស្មី និងកីឡាការិនី ពៅ សុខា ។

ចំណែកកីឡាតេក្វាន់ដូ WT ដណ្ដើមបានមេដាយ ២គ្រឿង រួមមានកីឡាករ វ៉ា មិថុនា ដណ្ដើមបានមេដាយមាស ១គ្រឿង លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៧៤គីឡូក្រាម និងកីឡាការិនី ឈឿង អាលីហ្សា ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៥៧គីឡូក្រាម ។ រីឯកីឡាចំបាប់ ដណ្ដើមបានមេដាយសំរឹទ្ធ ២គ្រឿង ដោយកីឡាការិនី ឌិន សំណាង និងកីឡាការិនី ជា កញ្ញា ។

គិតត្រឹមយប់ថ្ងៃពុធនេះ កម្ពុជាដណ្ដើមបានមេដាយសរុប ២៤គ្រឿង រួមមានមេដាយមាស ៤ ប្រាក់ ៦ និងសំរឹទ្ធ ១៤ ឈរលេខរៀងទី៨ ជាបណ្ដោះអាសន្ន ក្នុងតារាងមេដាយស៊ីហ្គេម ដោយឈរលើប្រ៊ុយណេ ឡាវ និងទីម័រខាងកើតដដែល ។

នាយបេសកកម្មខាងលើ បានបញ្ជាក់ថា មកទល់ពេលនេះ ប្រភេទកីឡារបស់កម្ពុជាភាគច្រើន បានចាប់ផ្ដើមការប្រកួតកីឡាស៊ីហ្គេម នៅទីក្រុងហាណូយ តែនៅវិញ្ញាសាមួយចំនួនធំ ដែលមិនទាន់ប្រកួត ហើយមានប្រភេទកីឡាមួយចំនួន ត្រូវបានរំពឹងដណ្ដើមមេដាយជូនជាតិបន្ថែម ដូចជាកីឡាវ៉ូវីណាម ប៉េតង់ ប្រដាល់គុនខ្មែរ ប្រដាល់សកល តេក្វាន់ដូ WT និងកីឡាចំបាប់ជាដើម មុនពិធីបិទការប្រកួតផ្លូវការ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខ ៕