(បរទេស)៖ ក្រុមហ៊ុន Hyundai Motor Group បានប្រកាសបង្ហាញថាខ្លួន នឹងវិនិយោគសរុបចំនួន ២១ពាន់ពាន់លានវ៉ុន (ប្រហែល ១៦.៥៤ពាន់លានដុល្លារ) រហូតដល់ឆ្នាំ ២០៣០ សម្រាប់ការពង្រីកអាជីវកម្មរថយន្តអគ្គីសនី (EV) របស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

ដោយក្នុងនោះក្រុមហ៊ុនផលិតរថយន្ត Hyundai Motor Co និង Kia Corp មានបំណងផលិតរថយន្តអគ្គីសនីឱ្យបានចំនួន ១.៤៤លានគ្រឿងនៅក្នុងប្រទេសកូរ៉េខាងត្បូងជារៀងរាល់ឆ្នាំគិតត្រឹមឆ្នាំ២០៣០។ ខណៈដែលក្រុមហ៊ុននេះក៏បាលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បរិមាណផលិតរថយន្តអគ្គីសនីចំនួន ១.៤៤លានគ្រឿងនៅក្នុងប្រទេសកូរ៉េខាងត្បូងនឹងមានប្រហែល ៤៥ភាគរយ នៃសមត្ថភាពផលិតរថយន្តអគ្គីសនីសកលសរុបដែលមានចំនួន ៣.២៣លានគ្រឿងក្នុងឆ្នាំ២០៣០។

គួរជម្រាបដែរថា កាលពីឆ្នាំមុនក្រុមហ៊ុន Hyundai ក៏មានបំណងវិនិយោគ ៧.៤ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិកនៅឆ្នាំ២០២៥ ដើម្បីផលិតរយន្តអគ្គីសនី ក៏ដូចជាកែលម្អទាក់ទងនឹងដំណើរការផលិតក្នុងរោងចក្រ និងបន្ថែមការវិយោគទៅលើដំណើរការផ្សេងៗទៀតផងដែរ៕