(មីស)៖ សហព័ន្ធកីឡាបាល់បោះអន្តរជាតិ (FIBA) នៅថ្ងៃពុធនេះ បានដករុស្ស៊ី និងបេឡារុស ចេញពីការចូលរួមប្រកួត និងធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតលំដាប់អន្តរជាតិ រហូតដល់មានការជូនដំណឹងបន្ថែម បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ។

ក្រុមកីឡាករផ្នែកបុរសរបស់រុស្ស៊ី និងបេឡារុស ត្រូវបានដកចេញពីការប្រកួតជម្រុះប្រចាំតំបន់អឺរ៉ុប សម្រាប់ការប្រកួត World Cup នាឆ្នាំក្រោយ ហើយមិនបានដាក់ប្រទេសផ្សេងជំនួសនោះទេ។

រុស្ស៊ី បានហៅការឈ្លានពាននោះ ជា «ប្រតិបត្តិការយោធាពិសេស» មួយ ស្របពេលដែលបេឡារុស ត្រូវបានប្រើប្រាស់ជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការឈ្លានពាននេះ។

ក្រុមកីឡាការិនីបាល់បោះរុស្ស៊ី ដែលត្រូវទៅចូលរួមប្រកួត World Cup នៅឆ្នាំនេះនោះ ក៏ត្រូវបានដកចេញផងដែរ ហើយត្រូវបានជំនួសវិញ ដោយប្រទេសព័រតូរីកូ។ ខណៈក្រុមកីឡាការិនី U-17 របស់រុស្ស៊ី ត្រូវបានជំនួសដោយស៊ែប៊ី សម្រាប់ព្រឹត្តិការណ៍ World Cup នៅហុងគ្រី៕