(ភ្នំពេញ)៖ បន្ទាប់ពីបានតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅក្នុងវត្តស្ទឹងមានជ័យអស់រយៈពេល២យប់២ថ្ងៃរួចមក សពឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា នឹងត្រូវរៀបចំពិធីបូជានៅល្ងាចថ្ងៃនេះហើយ។ ក្នុងពិធីបូជាសពលោក មាស សុវត្ថិឌី និងអ្នកស្រី ពៅ ពុទ្ធារី ដែលត្រូវជាឪពុក និងម្ដាយបង្កើតរបស់តារាចម្រៀង សុវត្ថិឌី ធារិកា គឺប្រកបដោយក្ដីវិប្បយោគ សោកសង្រែង អាឡោះអាល័យ ពីសំណាក់សាច់ញាតិ បងប្អូន មិត្តភក្ដិ ជាពិសេស គឺពីសំណាក់កូនទាំងពីរ របស់គ្រួសារនេះផ្ទាល់តែម្ដង។

ការបាត់បង់ជីវិតឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ត្រូវបានមហាជនមើលឃើញថា ជាការបាត់បង់យ៉ាងធំធេងបំផុត ក្នុងប្រវត្តិសាស្រ្តរបស់អ្នកសិល្បៈ ដែលកម្របានជួបប្រទះ និងស្ទើរតែគ្មានសោះឡើយ ក្នុងមជ្ឈដ្ឋានអ្នកសិល្បៈ និងសង្គមទូទៅ។ មហាជន និងអ្នកសិល្បៈ បានសម្ដែងក្ដីរន្ធត់តក់ស្លុត ចំពោះហេតុការណ៍ដ៏កម្រមួយនេះ ដែលបានកើតឡើងចំពោះក្រុមគ្រួសារតារាចម្រៀង សុវត្ថិឌី ធារិកា ដោយម្នាក់ៗបានសម្ដែងក្ដីអាណិតអាសូរដល់រូបនាង និងប្អូនប្រុសជាពន់ពេក ព្រមទាំងចូលរួមរំលែកនូវមហាទុក្ខនេះជាមួយនាងផងដែរ។

តាមការឲ្យដឹងពីតារាចម្រៀង អ៊ាម វន្នី ដែលកំពុងតែស្ថិតនៅក្នុងពិធីបុណ្យសពនោះផ្ទាល់ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅព្រឹកនេះថា សពឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារិកា នឹងត្រូវរៀបចំធ្វើពិធីដង្ហែចេញពីកន្លែងតម្កល់ នៅវេលាម៉ោង៣៖០០នាទីរសៀល ដើម្បីដាក់លើឈាបនដ្ឋាន (មេរុ) ចំនួន២ ដែលសង់ឡើងទន្ទឹមគ្នា និងរៀបចំពិធីបូជាសពតាមប្រពៃណី នៅវេលាម៉ោង៤៖០០នាទី រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ។

តារាចម្រៀង អ៊ាម វន្នី បានថ្លែងបន្តទៀតថា នៅក្នុងពិធីបូជាសពនេះ គឺតារាចម្រៀង សុវត្ថិឌី ធារិកា និងប្អូនប្រុសជាអ្នកឲ្យភ្លើងបូជាសពដោយផ្ទាល់ ដល់ឪពុកម្ដាយ ខណៈដែលអ្នកសិល្បៈជាច្រើន កំពុងតែត្រៀមខ្លួនចូលរួម និងរំលែកនូវក្ដីទុក្ខសោកនេះ ជាមួយនឹងកញ្ញា សុវត្ថិឌី ធារិកា ផងដែរ។

គួរជម្រាបថា រថយន្ដឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យស្លាប់ឪពុក និងម្ដាយរបស់នាង កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ ក្រោយពីត្រឡប់មកពីចូលរួមកម្មវិធីសម្ពោធ និងសំណង់សិល្បការផ្សេងៗ នៅស្រុកឆែប ខេត្តព្រះវិហារ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ៕