(ភ្នំពេញ)៖ លោក Keisuke Honda ដែលជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានឆ្លៀតពេលវេលាផ្សព្វផ្សាយតំបន់ទេសចរណ៍របស់កម្ពុជា ក្រោយទើបដឹកនាំក្រុមគោព្រៃកម្ពុជាអាយុក្រោម ២៣ឆ្នាំ ចូលរួមកីឡាស៉ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។
តាមរយៈ Facebook ផ្លូវការនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ កីឡាករលំដាប់ពិភពលោកជនជាតិជប៉ុនរូបនេះ បានថ្លែងសារប្រាប់ទៅពិភពលោក ឲ្យទៅទស្សនាទីក្រុងសៀមរាប ដែលជាតារាះនៅទិសឧត្តរ ខណៈទីក្រុងនេះក៏មានប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកទៀតផង។ សាររបស់លោក Honda ត្រូវបានភ្ជាប់ទៅដោយទង់ជាតិខ្មែរ រួមជាមួយពាក្យសៀមរាប កម្ពុជា ទីក្រុងស្រស់ស្អាត។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំកំពុងស្ថិតនៅទីក្រុងសៀមរាប។ ខ្ញុំចូលចិត្តទីក្រុងនេះខ្លាំងណាស់។ ប៉ុន្តែ អ្នកវិនិយោគវិស័យទេសចរណ៍បានជាប់គាំង ដោយសារតែមេរោគរាតត្បាត។ នេះជាពេលវេលា ដែលត្រូវមកកម្សាន្តនៅទីនេះម្តងទៀត ពីបណ្តាភ្ញៀវទេសចរនានាទូទាំងពិភពលោក»។
សូមជម្រាបថា ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ក្រុងសៀមរាប ជាតារារះនៅទិសឧត្តរ។
សៀមរាបដែលជាខេត្តទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា កំពុងលេចចេញនូវសមិទ្ធផលសំខាន់ៗជាច្រើន។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ដោយនឹងដាក់ឱ្យដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣។
ដោយឡែក នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ខេត្តសៀមរាប បានសម្ពោធដាក់ឱ្យប្រើប្រាស់ ហេដ្ឋរចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ផងដែរ។ ម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ខ្សែនេះ មានប្រវែងសរុប ១០៦.៤២គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបជាង ១៤៩,២១៦,៥៩៥ ដុល្លារអាមេរិក។ ក្នុងនោះចំនួន ៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ស្ថិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨ខ្សែ៕