(បារាំង)៖ អ្នកដឹកនាំរឿងជនជាតិរុស្ស៊ី ដែលនិរទេសខ្លួនចេញពីប្រទេសកំណើត លោក Kirill Serebrennikov បាននិយាយប្រឆាំងនឹងសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការបញ្ចាំងជាសកលនៃខ្សែភាពយន្តរបស់លោក «Tchaikovsky's wife» នៅមហោស្រពភាពយន្តអន្តរជាតិទីក្រុង កាន ប្រទេសបារាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។

អ្នកដឹកនាំរឿងជនជាតិរុស្សីរូបនេះ បាននិយាយយ៉ាងខ្លីថា «ទេ ចំពោះសង្គ្រាម» ដែលការនិយាយបែបនេះ គឺនៅអំឡុងពេលដែលលោកទទួលបានការអញ្ជើញ សម្រាប់ចាក់បញ្ចាំងភាពយន្តកាលពីសតវត្សទី១៩ របស់លោក ហើយលោកបានក្លាយជាអ្នកដឹកនាំរឿងជនជាតិរុស្ស៉ីតែម្នាក់គត់ ដែលបានចូលរួមក្នុងកម្មវិធីនេះ។

ត្បិតថា អ្នករៀបចំកម្មវិធីលំដាប់ពិភពលោកមួយនេះ បានហាមឃាត់រាល់បេក្ខភាពរុស្ស៉ី មិនឲ្យចូលរួមនោះទេ ហើយនៅថ្ងៃបើកកម្មវិធីដំបូង គេក៏ឃើញមានការអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy ចូលរួម តាមរយៈប្រព័ន្ធវីដេអូអនឡាញផងដែរ ខណៈព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងជាប្រចាំ រៀងរាល់ឆ្នាំ នៅអំឡុងខែឧសភា ដោយមានការចូលរួមបង្ហាញស្នាដៃភាពយន្ត ឯកសារល្បីៗធំៗមកពីជុំវិញពិភពលោក៕