(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងថាក្រុមហ៊ុន Meta ដែលជាមេធំរបស់ Facebook កំពុងផ្អាកតួនាទីបុគ្គលិកតាមផ្នែក ក៏ដូចជាប្រតិបត្តិការមួយចំនួនត្រូវបានរងផលប៉ះពាល់ ខណៈដែលភាគហ៊ុនកំពុងធ្លាក់ចុះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។

Meta កំពុងដកការវិនិយោគត្រឡប់ទៅវិញលើផលិតផលមួយចំនួន រួមទាំងក្រុមដែលពួកគេបានបង្កើតឡើងដើម្បីប្រកួតប្រជែងជាមួយ Zoom និងមុខងារ Shopping ផងដែរ។ ក្នុងនោះក្រុមនៃផលិតផលដែលត្រូវបានរងផលប៉ះពាល់ដោយការផ្អាកតួនាទីវិស្វកម្មរួមមាន Facebook Dating, Gaming, Messenger Kids, Commerce team និង Remote Presence team ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងពេលរាតត្បាត ដើម្បីបង្កើតជា Video និងសមត្ថភាព Audio Calling ដើម្បីប្រកួតប្រជែងជាមួយ Zoom ឱ្យបានកាន់តែប្រសើរ។

យ៉ាងណាមិញការផ្អាកប្រតិបត្តិការខាងលើ តាមប្រភពបានបង្ហាញឱ្យឃើញថាផលិតផលទាំងនោះមិនមានផលចំណេញ ឬមិនមានសារៈសំខាន់ជាយុទ្ធសាស្រ្តគ្រប់គ្រាន់ដើម្បីបន្តការវិនិយោគ ដោយសារតែភាគហ៊ុនរបស់ Meta បានធ្លាក់ចុះប្រមាណ ៤៣ភាគរយនៅឆ្នាំនេះ ទើបបណ្តាលឱ្យ Meta សម្រេចចិត្តផ្អាកបែបនេះតែម្តង។

យោងតាមអ្នកនាំពាក្យ Meta លោក Joe Osborne បានបញ្ជាក់អំពីករណីនេះថា ក្រុមហ៊ុនមិនបានផ្អាកតួនាទីបុគ្គលិកគ្រប់ផ្នែកនោះទេ ដោយមានការផ្អាកសម្រាប់តែវិស្វកម្មតាមផ្នែកខ្លះប៉ុណ្ណោះ ចំណែកឯផ្នែក Machine learning និង AI គឺនៅតែបន្តជាធម្មតា។

ទន្ទឹមនឹងនេះ Meta ក៏កំពុងតែដាក់ទុនវិនិយោគលើពេលវេលាដ៏ធំរបស់ខ្លួនដោយចូលទៅក្នុង Metaverse ដោយមានផែនការវិនិយោគ ១០ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ដោយក្នុងនោះលោក Zuckerberg ក៏បានបង្ហាញដែលថាលោកគ្រោងនឹងដាក់ដំណើរការកំណែគេហទំព័ររបស់ Herizon នៅចុងឆ្នាំនេះ ដែលនឹងធ្វើឱ្យមនុស្សមានភាពងាយស្រួលក្នុងការឈានជើងចូលទៅក្នុងបទពិសោធន៍ផ្លាស់ប្តូរពីវេទិកាជាច្រើនទៀតបើទោះបីជាគ្មានកាសក៏ដោយ៕