(សៀមរាប)៖ សួនរុក្ខជាតិអង្គរដែលជាប្រភេទរមណីយដ្ឋានកែច្នៃមួយរបស់អាជ្ញាធរជាតិអប្សរា មានទំហំផ្ទៃដីប្រមាណជាង១៥ហិកតា ស្ថិតក្នុងក្រុងសៀមរាប ដែលអាចចាត់ទុកថាជាសួនមានលក្ខណៈពិសេសលើសសួនកម្សាន្តដទៃទៀតនៅប្រទេសកម្ពុជា ត្រូវបានបើកសម្ពោធជាផ្លូវការហើយនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ។
ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីសំណាក់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា លោក ទៀ សីហា អភិបាលខេត្តសៀមរាប លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា តំណាងមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកអាជ្ញាធរជាតិអប្សរាផងដែរ។
លោកស្រី ភឿង សកុណា បានថ្លែងថា បន្ទាប់ពីបើកសម្ពោធជាផ្លូវការនេះ អាជ្ញាធរជាតិអប្សរានឹងបើកឱ្យសាធារណជនបានចូលទៅទស្សនាចាប់ពីពេលនេះតទៅ។
លោក ជា សុផារ៉ា បានគាំទ្រចំពោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយអាជ្ញាធរជាតិអប្សរា ដែលបានបង្កើតជាសួនរុក្ខជាតិអង្គរដ៏មានសារសំខាន់មួយនេះឡើង។ លោកបន្តថា សួនរុក្ខជាតិអង្គរនេះមានលក្ខណៈពិសេសណាស់ក្នុងការអភិរក្សរុក្ខជាតិខ្មែរសំខាន់ៗ ជាពិសេសគឺរុក្ខជាតិដែលអាចយកមកផ្សំធ្វើជាឱសថព្យាបាលជំងឺផ្សេងៗ។
សូមជម្រាបថា សួនរុក្ខជាតិអង្គរនឹងក្លាយជាសមិទ្ធផលទេសចរថ្មីមួយទៀតនៅក្នុងក្រុងសៀមរាប ដែលមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើមនៃពូជជាង៥០០ប្រភេទ ដូចជាដើមផ្កា ស្មៅ ឈើហូបផ្លែ ដោយអាចចាត់ទុកថាជាសួនមានលក្ខណៈពិសេស លើសសួនកម្សាន្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដោយសារតែសួននេះស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទ ដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយនិងសត្វស្លាបប្រវាំងជាដើម៕