(បាងកក)៖ កីឡាករវាយសីលំដាប់ទីមួយ របស់ពិភពលោក Viktor Axelsen បានដកខ្លួន ចេញពីការប្រកួត ក្នុងព្រឹត្តិការណ៍ Thailand Open នាថ្ងៃព្រហស្បតិ៍នេះ ដោយលើកឡើងពីបញ្ហារបួស ដែលលោកបានទទួលរង ក្នុងការប្រកួតផ្តាច់ព្រ័ត្រ Thomas កាលពីសប្តាហ៍មុន Uber Cup, នេះបើយោងតាមសារព័ត៌មាន CNA នាយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ។

នេះមានន័យថា កីឡាករលំដាប់កំពូលចំនួន២រូបហើយ ដែលបានដកខ្លួនចេញ បន្ទាប់ពីកាលពីពេលមុននេះ ជាការចាកចេញរបស់អតីតម្ចាស់ពានរង្វាន់ជើង ឯកពិភពលោក Kento Momota ដែលបានធ្លាក់ចេញ ក្នុងការប្រកួតជុំទីមួយរបស់លោក កាលពីថ្ងៃពុធ។

«បន្ទាប់ពីរអិលដួល នៅទីលានកាលពីសប្តាហ៍មុន អំឡុងពេលព្រឹត្តិការណ៍ Thomas Cup, ខ្ញុំបានរងរបួសតិចតួច ដែលខ្ញុំបាននឹងកំពុងព្យាបាល រយៈពេល៧ទៅ៨ថ្ងៃកន្លងទៅនេះ», នេះបើតាមសម្តីកីឡាករវ័យ២៨ឆ្នាំ សញ្ជាតដាណឺម៉ាក បានលើកឡើងនៅលើ Twitter។

«បន្ទាប់ពីការប្រកួតរបស់ខ្ញុំ កាលពីថ្ងៃម្សិលមិញ របួសរបស់ខ្ញុំកាន់តែអាក្រក់ ហើយខ្ញុំបានសម្រេចចិត្តដកខ្លួនចេញ ពីព្រឹត្តិការណ៍ Thailand Open»៕