(ឡុងដ៍)៖ ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ផ្នែកនារី Tottenham Hotspur កីឡាការិនី Chioma Ubogagu ត្រូវបានរងពិន័យ ដោយត្រូវផ្អាកពីការប្រកួតចំនួន៩ខែ ពីបទបំពានទៅនឹងការប្រឆាំងសារធាតុញៀន, នេះបើតាមការបញ្ជាក់ពីក្លិប ដែលលេងនៅលីគ Women's Super League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ។

មុនពេលចូលរួមជាមួយ Spurs ក្នុងឆ្នាំ២០២១, Ubogagu ធ្លាប់ត្រូវបានចេញវេជ្ជបញ្ជា ដោយវេជ្ជបណ្ឌិតផ្ទាល់ខ្លួន ថាមានផ្ទុកសារធាតុហាមឃាត់ ដែលត្រូវបានចុះបញ្ជី ក្នុងបញ្ជីហាមឃាត់ របស់ទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក។

កីឡាការិនីវ័យ២៩ឆ្នាំរូបនេះ កាលពីពេលមុន ធ្លាប់បានរងការព្យួរការប្រកួតរួចមកហើយ ចាប់តាំងពីខែមករា ហើយការប្រកួតចុងក្រោយរបស់នាង សម្រាប់ក្លិបក្នុងលីគ គឺទទួលបានលទ្ធផលស្មើ១-១ ជាមួយក្លិប West Ham United កាលពីថ្ងៃទី១៧ ខែមករា។

ការផ្អាកការប្រកួតរបស់នាង, ដែលបានសម្រេចដោយស្ថាប័ន FA និងសាលាក្តីឯករាជ្យ កាលពីថ្ងៃទី២២ ខែមេសានោះ, នឹងបន្តរហូតដល់ខែតុលា។

សូមជម្រាបថា Spurs បានបញ្ចប់ក្នុងលំដាប់ទី៥ នារដូវកាល២០២១-២២ នៃលីគ WSL ដែលបានបញ្ចប់កាលពីដើមខែនេះ៕