(ដូហា)៖ អាជ្ញាកណ្តាលស្ត្រី នឹងចូលរួមធ្វើការកាត់សេចក្តីការប្រកួត នៅឯព្រឹត្តិការណ៍បាល់ទាត់ផ្នែកបុរស World Cup ជាលើកដំបូង នៅក្នុងប្រទេសកាតា នាឆ្នាំនេះ, នេះបើតាមស្ថាប័ន FIFA បានប្រកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ។

អាជ្ញាកណ្តាលស្ត្រីចំនួន៣នាក់ និងជំនួយការអាជ្ញាកណ្តាលស្ត្រីចំនួន៣នាក់ នឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតលំដាប់ពិភពលោក នៅក្នុងប្រទេសកាតា ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ។

អាជ្ញាកណ្តាល Stephanie Frappart មកពីបារាំង, Salima Mukansanga មកពីរវ៉ាន់ដា និង Yoshimi Yamashita មកពីជប៉ុន។ ខណៈជំនួយការអាជ្ញាកណ្តាល Neuza Back មកពីប្រេស៊ីល, Karen Diaz Medina មកពីម៉ិកស៊ិក និង Kathryn Nesbitt មកពីសហរដ្ឋអាមេរិក ត្រូវបានអញ្ជើញឲ្យចូលរួម។

សរុបមានអាជ្ញាកណ្តាលចំនួន៣៦រូប, ជំនួយការអាជ្ញាកណ្តាលចំនួន៦៩រូប និងមន្ត្រីទទួលបន្ទុកវីដេអូការប្រកួត ចំនួន២៤រូប ត្រូវបានជ្រើសរើស ដោយ FIFA សម្រាប់ព្រឹត្តិការណ៍នេះ៕