(បរទេស)៖ អភិបាលរដ្ឋហ្សកហ្ស៊ី លោក Brian Kemp បានឱ្យដឹងថាក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai Motor Group បានវិនិយោគច្រើនជាង ៧ពាន់លានដុល្លារនៅក្នុងរដ្ឋមួយនេះ ស្របពេលជាមួយនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Joe Biden ទៅកាន់ទីក្រុងសេអ៊ូ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។

តាមប្រភពបានបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តដែលមានទីតាំងនៅកូរ៉េខាងត្បូងរួមមាន Hyundai Motor Co និង Kia Corp គ្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គីសនីនៅភាគខាងត្បូងរដ្ឋហ្សកហ្ស៊ី ដោយការវិនិយោគនេះនឹងបង្កើតការងារជាង ៨,៥០០ នៅក្នុងរដ្ឋដ៏ធំមួយនេះ។

យ៉ាងណាមិញសម្រាប់រោងចក្រដែលគ្រោងនឹងវិនិយោគនៅក្នុងសហរដ្ឋអាមេរិកនេះ មិនត្រឹមតែផលិតរថយន្តអគ្គីសនីនោះទេ ថែមទាំងអាចផលិតរថយន្តមួយចំនួនដែលដំណើរការដោយម៉ាស៊ីនសាំងនៅក្នុងទីតាំងតែមួយបានថែមទៀតផង នេះបើតាមការឱ្យដឹងពីសារព័ត៌មាន Associated Press។

ដោយឡែកកាលពីថ្ងៃពុធកន្លងទៅ ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បានលើកឡើងថា លោក Biden «នឹងចូលរួមជាមួយផ្នែកបច្ចេកវិទ្យា និងអ្នកដឹកនាំផលិតកម្មនៅក្នុងប្រទេសកូរ៉េ ដែលកំពុងគៀងគរការវិនិយោគរាប់ពាន់លានដុល្លារនៅទីនោះ ដើម្បីទៅបង្កើតការងាររាប់ពាន់នៅក្នុងសហរដ្ឋអាមេរិក»

ម្យ៉ាងវិញទៀត Hyundai ក៏ជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទីបីរបស់ពិភពលោកតាមរយៈការលក់រថយន្ត ដោយកាលពីឆ្នាំមុនបានបង្ហាញថាខ្លួនគ្រោងវិនិយោគ ៧.៤ពាន់លានដុល្លារនៅសហរដ្ឋអាមេរិកនៅឆ្នាំ២០២៥ ដើម្បីផ្តោតទៅលើការផលិតរថយន្តអគ្គីសនី។ ខណៈក្រុមហ៊ុននេះក៏បានវិនិយោគប្រមាណ ១៦ពាន់លានដុល្លារផងដែរនៅក្នុងប្រទេសកូរ៉េខាងត្បូងរហូតដល់ឆ្នាំ២០៣០ ដើម្បីពង្រីកសមត្ថភាពផលិតរថយន្តអគ្គីសនីឱ្យឈានដល់ ១.៤៤លានគ្រឿងក្នុងមួយឆ្នាំ៕