(ហាណូយ)៖ ក្រុមម្ចាស់ផ្ទះវៀតណាម បន្តនាំមុខគេនៃតារាងមេដាយដោយរកបានសរុប ៣២៨គ្រឿងដោយមានមេដាយមាស ១៥៣គ្រឿងច្រើនជាងគេ ខណៈដែលក្រុមអត្តពលិកកម្ពុជា បានបំបែកកំណត់ត្រាចាស់ ដោយរកបានមេដាយសរុប ៤០គ្រឿងក្នុងមានមេដាយមាស ៦គ្រឿងបណ្តោះអាសន្ន គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ។

ចំណោម ១១ប្រទេសដែលចូលរួមក្រុមអត្តពលិកកម្ពុជា សម្រេចលទ្ធផលមួយដ៏ល្អប្រសើរ ដោយកាលពីថ្ងៃទី១៩ ខែឆ្នាំដដែល បានដណ្ដើមមេដាយបន្ថែមចំនួន ១៦គ្រឿង រួមមានមេដាយមាស ២ ប្រាក់ ៣ និងសំរឹទ្ធ ១១ ធ្វើឲ្យកម្ពុជាកើនមេដាយសរុបដល់ ៤០គ្រឿង។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងជាអគ្គលេខាធិការ NOCC ដែលជានាយបេសកកម្មស៊ីហ្គេមរបស់កម្ពុជា។

ជាលទ្ធផលបណ្តោះអាសន្នក្រុមកម្ពុជា ដណ្ដើមបានមេដាយសរុប ៤០គ្រឿង រួមមានមេដាយមាស ៦ ប្រាក់ ៩ និងសំរឹទ្ធ ២៥ ឈរលេខរៀងទី៨ ជាបណ្ដោះអាសន្ន ក្នុងតារាងមេដាយកីឡាស៊ីហ្គេម ដោយឈរលើប្រទេសប្រ៊ុយណេ ឡាវ និងទីម័រខាងកើត ប៉ុន្ដែកម្ពុជា បានបំបែកកំណត់ត្រាមេដាយមាស និងមេដាយប្រាក់ ស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន ដែលកាលនោះក្រុម កម្ពុជា ដណ្ដើមបានត្រឹមមេដាយមាស ៤ និងមេដាយប្រាក់ ៦ ប៉ុណ្ណោះ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា មកទល់ពេលនេះ ប្រភេទកីឡារបស់កម្ពុជាភាគច្រើន បានបញ្ចប់ការប្រកួតជាបណ្ដើរៗ តែក៏មានប្រភេទកីឡាមួយចំនួន កំពុងដំណើរការប្រកួតយ៉ាងស្វិតស្វាញ ហើយលោករំពឹងថា អត្តពលិកកីឡាកម្ពុជា នឹងអាចដណ្ដើមមេដាយជូនជាតិបន្ថែមទៀត មុនពិធីបិទការប្រកួតផ្លូវការ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខ៕