(ភ្នំពេញ)៖ ប្រតិភូ និងអត្តពលិកកីឡាកម្ពុជា ១៥០នាក់ ដែលចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នឹងត្រឡប់មកកាន់មាតុភូមិវិញ នារសៀលថ្ងៃទី២០ ខែឧសភានេះ ក្រោយបញ្ចប់បេសកកម្មរបស់ខ្លួនមុន ដោយនឹងនាំមកជាមួយមេដាយ ១៨គ្រឿង ក្នុងនោះមេដាយមាស ៤ ប្រាក់ ៤ និងសំរឹទ្ធ ១០ ។

សម្រាប់ប្រតិភូ និងអត្តពលិកកីឡាកម្ពុជា ដែលត្រឡប់មកកម្ពុជានារសៀលនេះ គឺមានមន្ដ្រីសិក្សាស្រាវជ្រាវរបស់ CAMSOC រួមជាមួយអត្តពលិកកីឡា ៩ប្រភេទ ដូចជាកីឡាប៉េតង់ ចំបាប់ តេក្វាន់ដូ គុនដាវ អត្តពលកម្ម ហែលទឹក ទោចក្រយាន វាយកូនឃ្លីលើតុក និងកីឡាវាយកូនគោល ដែលមានចំនួន ១៥០នាក់ ។ នេះបើតាមការបញ្ជាក់របស់មន្ដ្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

អ្វីដែលពិសេស ក្នុងចំណោមអត្តពលិកទាំង ៩ប្រភេទកីឡាខាងលើ គឺមានអត្តពលិក ៣ប្រភេទកីឡា ដែលដណ្ដើមបានមេដាយ និងនាំមេដាយរបស់ខ្លួន ត្រឡប់ទៅកាន់ប្រទេសកម្ពុជាមុន រួមមានកីឡាប៉េតង់ ឈ្នះមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ៣, កីឡាចំបាប់ ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ៤ និងកីឡាតេក្វាន់ដូ WT ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ៣ ។

ជាមួយដំណើរមាតុភូមិនិវត្តន៍របស់អត្តពលិកកម្ពុជា អមជាមួយមេដាយសរុប ១៨គ្រឿងខាងលើនេះដែរ នឹងទទួលបានការស្វាគមន៍ផ្ទាល់ពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីអប់រំ យុវជន និងកីឡា ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែឧសភាម្សិលមិញ កម្ពុជាដណ្ដើមបានមេដាយសរុប ក្នុងយុទ្ធនាការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ដែលកំពុងប្រព្រឹត្តទៅ នៅទីក្រុងហាណូយ ចំនួន ៤០គ្រឿង រួមមានមេដាយមាស ៦ ប្រាក់ ៩ និងសំរឹទ្ធ ២៥ ហើយក៏មានអត្តពលិកមួយចំនួន បានត្រឡប់ទៅមាតុភូមិវិញជាបណ្ដើរៗ ក្រោយបញ្ចប់ការប្រកួតរបស់ខ្លួន ខណៈមានអត្តពលិកមួយចំនួន កំពុងត្រៀមប្រកួតជាបន្ដបន្ទាប់ រហូតដល់ថ្ងៃបិទ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខ ៕