(បរទេស)៖ លោក Elon Musk នាយប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនផលិតរថយន្ត Tesla បានបញ្ជាក់ថា «Tesla គឺជាការងារអាទិភាពទី១សម្រាប់រូបលោក ពោលគឺ ២៤/៧ (២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្ដាហ៍»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។

លោក Elon Musk បាន បង្ហោះសារនេះនៅលើបណ្ដាញសង្គម Twitter ដើម្បីជាការឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់អ្នកវិនិយោគ ដោយបានគិតថា លោក Elon Musk អាច នឹង ចំណាយពេលវេលាច្រើនក្នុងការកិច្ចការងារនៅលើ Twitter ដែលការព្រួយបារម្ភមួយនេះបានធ្វើឱ្យ Tesla ខាតបង់ប្រាក់ដ៏ច្រើនសន្ធឹកតាមរយៈការធ្លាក់ចុះនៃទីផ្សារហ៊ុន។

កំពូលមហាសេដ្ឋីលំដាប់លេខ១នៅលើពិភពលោករូបនេះ បានបញ្ជាក់បន្ថែមទៀតថា «ដើម្បីឱ្យកាន់តែច្បាស់ គឺខ្ញុំបានចំណាយពេលតិចជាង ៥% (<5%) នៃពេលវេលារបស់ខ្ញុំលើការទិញ Twitter»។ ដូច្នេះមានន័យថា លោក Elon Musk មិនបានទម្លាក់ដៃពីការងារនៅក្នុងក្រុមហ៊ុនផលិតរថយន្ត អគ្គិសនីដ៏ល្បីរបស់អាមេរិកមួយនេះឡើយ។

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ កិច្ចព្រមព្រៀងទិញលក់រវាងក្រុមហ៊ុន Twitter និងលោក Elon Musk នៅមិនទាន់ធ្វើឡើងជាផ្លូវ ការនោះទេ ដោយសារតែមានបញ្ហាមួយចំនួនធំដែលនាំឱ្យរាំងស្ទះដល់កិច្ចព្រម ព្រៀងនេះ៕