(បរទេស)៖ ប្រភពមួយបានឱ្យដឹងថា TikTok គ្រោងនឹងបញ្ចេញមុខងារថ្មីមួយដែលអ្នកប្រើប្រាស់អាចលេងហ្គេមនៅលើកម្មវិធីចែករំលែកវីដេអូខ្លីៗបាន ខណៈក្រុមហ៊ុននេះកំពុងតែធ្វើការសាកល្បងនៅក្នុងប្រទេសវៀតណាមដែលជាផ្នែកមួយនៃដំណើរការថ្មីនេះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។

យ៉ាងណាមិញកម្មវិធី TikTok គឺជាកម្មវិធីពេញនិយមបំផុតមួយរបស់ពិភពលោកដែលមានអ្នកប្រើប្រាស់ប្រចាំខែច្រើនជាង ១លាននាក់ ដោយការដាក់បង្ហាញហ្គេមនៅលើ Platform នេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងស្រដៀងគ្នាដែលធ្វើឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលកំពុងស្វែងរកវិធីសាស្រ្តក្នុងការរក្សាអ្នកប្រើប្រាស់របស់ខ្លួន ហើយក៏ទំនងជាអាចបង្កើនប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មបានមួយកម្រិតថែមទៀតផង។

ទន្ទឹមនឹងការសាកល្បងមុខងារនេះត្រូវបានធ្វើឡើងនៅក្នុងប្រទេសវៀតណាម ដែលជាទីផ្សារដ៏ទាក់ទាញមួយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា TikTok, Meta Platforms Inc ដែលជាមេធំរបស់ Facebook និង Alphabet ដែលជាមេធំរបស់ Google រួមទាំង YouTube ផងដែរ ដោយមើលឃើញថាប្រទេសនេះមានប្រជាជនប្រមាណជា ៧០ភាគរយដែលមានអាយុក្រោម ៣៥ឆ្នាំដែលចេះប្រើប្រាស់បច្ចេកវិទ្យា។

ទាក់ទងនឹងមុខងានេះត្រូវបានគេឱ្យដឹងថា TikTok ដែលជាកម្មសិទ្ធិរបស់ ByteDance ប្រទេសចិនក៏មានគម្រោងដាក់ឱ្យដំណើរការហ្គេមកាន់តែទូលំទូលាយនៅទូទាំងអាស៊ីអាគ្នេយ៍ផងដែរ ដោយការផ្លាស់ប្តូរនេះអាចនឹងចាប់ផ្តើមនៅត្រីមាសទីបី។ តែយ៉ាងណាសម្រាប់ការដាក់ដំណើរការនេះខាងក្រុមហ៊ុនមិនទាន់បញ្ចេញជាសាធារណៈនោះឡើយ។

គួរជម្រាបដែរថា បើទោះបីជាមិនមានការលេងហ្គេមរួមបញ្ចូលក៏ដោយ TikTok បានឃើញពីប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មបានកើនឡើង។ ដោយយោងតាមក្រុមហ៊ុនស្រាវជ្រាវ Insider Intelligence បានឱ្យដឹងថា ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មរបស់ខ្លួនទំនងជាកើនឡើងបីដងនៅឆ្នាំនេះដល់ជាង ១១ពាន់លានដុល្លារ ដែលទទួលបានលើសពីការលក់រួមគ្នារបស់ Twitter Inc និង Snap Inc ឯណោះ៕