(អាមេរិក)៖ តារាចម្រៀងប៉ុបល្បីឈ្មោះ Rihanna និងតារាចម្រៀងរ៉េប A$AP ត្រូវបានប្រភពទម្លាយថា ទើបតែទទួលបានកូនប្រុសម្នាក់ ដែលជាដំណក់ឈាមរួមគ្នា ខណៈអ្នកទាំងពីរ ទើបតែប្រកាសដំណឹង មានកូនកាលពីខែមករាកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Straits Times នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។

តារាចម្រៀង Rihanna វ័យ៣៤ឆ្នាំ ត្រូវបានគេហទំព័រ TMZ ចុះផ្សាយដោយយោងតាមប្រភពមិនស្គាល់អត្តសញ្ញាណថា ទើបតែសម្រាលកូនរួចរាល់ កាលពីថ្ងៃទី១៣ ខែឧសភា កន្លងទៅ ដែលនេះជាកូនដំបូងហើយ របស់តារាប្រុសស្រីទាំងពីរ។ យ៉ាងណាមិញ ជុំវិញដំណឹងនេះ អ្នកតំណាងរបស់តារាចម្រៀងទាំងពីរ មិនបានឆ្លើយតបអ្វីនោះទេ។

គួរជម្រាបថា តារាចម្រៀងប៉ុបល្បីឈ្មោះ Rihanna និងតារាចម្រៀងរ៉េប A$AP បានប្រកាសពីដំណឹងមានកូនដំបូងរបស់ពួកគេ នៅអំឡុងខែមករាកន្លងទៅ។ តារាចម្រៀង Rihanna និង A$AP Rocky អាយុ ៣៣ឆ្នាំ ជាមិត្តនឹងគ្នាជាច្រើនឆ្នាំ មុនពេលពួកគេចាប់ផ្តើមទំនាក់ទំនងស្នេហា៕