(ហាណូយ)៖ កីឡាករប្រដាល់សកលកម្ពុជា អ៊ុង ភារាក់ បានឡើងវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ បន្ទាប់ពីផ្ដួលកីឡាករសិង្ហបុរី សន្លប់នៅទឹកទី៣ នៅព្រលប់ថ្ងៃទី២០ ខែឧសភានេះ លើវិញ្ញាសាប្រកួតទម្ងន់ ៩១គីឡូក្រាម ។

ជ័យជម្នះខាងលើនេះ បានធ្វើឲ្យកីឡាករ អ៊ុង ភារាក់ ក្លាយជាអត្តពលិកកីឡាករប្រដាល់សកលកម្ពុជាតែម្នាក់គត់ ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រ ហើយបានកក់មេដាយប្រាក់ក្នុងដៃ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ខណៈមិត្តរួមជាតិ ៣រូបផ្សេងទៀត ទទួលបានត្រឹមមេដាយសំរឹទ្ធ ។

ចំពោះវគ្គផ្ដាច់ព្រ័ត្រ អ្នកលេងប្រដាល់សកលទម្ងន់ធ្ងន់រូបនេះ នឹងត្រូវជួបកីឡាករថៃ Jakkapong Yomkhot នាថ្ងៃទី២១ ខែឧសភាស្អែក ដើម្បីប្រជែងមេដាយមាសជូនជាតិ ៕