(ហាណូយ)៖ កម្ពុជាបានបន្ថែមមេដាយ ១០គ្រឿងទៀតហើយ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ដែលនាំឲ្យកម្ពុជាកើនមេដាយសរុបដល់ ៥០គ្រឿង ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងជាអគ្គលេខាធិការ NOCC ដែលជានាយបេសកកម្មស៊ីហ្គេមរបស់កម្ពុជា ។

សម្រាប់អត្តពលិកដណ្ដើមបានមេដាយជូនជាតិថ្ងៃនេះ រួមមាន៖

១- កីឡាវ៉ូវីណាម បន្ដដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធ ៣ ដោយ៖
- កីឡាករ អេ វីរៈខាំឈីតភូថង ឈ្នះមេដាយមាស ១ លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៦៥គីឡូក្រាម
- កីឡាការិនី ឯម ច័ន្ទកនិកា ឈ្នះមេដាយសំរឹទ្ធ ១ លើវិញ្ញាសា កាតា មេគុណឯកត្តជននារី
- កីឡាការិនី ពៅ សុខា ឈ្នះមេដាយសំរឹទ្ធ ១ លើវិញ្ញាសាដាវនារីឯកត្តជន ។
- ក្រុមការពារខ្លួនបុរស ៤នាក់មានអាវុ កីឡាករ សាន សុជាតិ, ជ្រិន ប៊ុនឡុង, ជិន ពិសិដ្ឋ និង នី ទីហ្សា ឈ្នះមេដាយសំរឹទ្ធ ១ ។

២-កីឡាប្រដាល់គុនខ្មែរ ឈ្នះមេដាយសំរឹទ្ធ ៥ ដោយ៖
- កីឡាករ ឃឹម បូរ៉ា ឈ្នះមេដាយសំរឹទ្ធ ១ លើវិញ្ញាសាទម្ងន់ ៦០គីឡូក្រាម
- កីឡាករ ព្រំ សំណាង ឈ្នះមេដាយសំរឹទ្ធ ១ លើវិញ្ញាសាទម្ងន់ ៨១គីឡូក្រាម
- កីឡាការិនី ម៉ើយ ស៊ឹង ឈ្នះមេដាយសំរឹទ្ធ ១ លើវិញ្ញាសាទម្ងន់ ៥១គីឡូក្រាម
- កីឡាការិនី វី ស្រីឆាយ ឈ្នះមេដាយសំរឹទ្ធ ១ លើវិញ្ញាសាទម្ងន់ ៥៤គីឡូក្រាម
- កីឡាការិនី សំ សំណាង ឈ្នះមេដាយសំរឹទ្ធ ១ លើវិញ្ញាសាទម្ងន់ ៦៣.៥គីឡូក្រាម ។

៣- កីឡប្រដាល់សកល ឈ្នះមេដាយសំរឹទ្ធ ១ និងឡើងវគ្គផ្ដាច់ព្រ័ត្រម្នាក់៖
- កីឡាករ សៅ រង្ស៊ី ឈ្នះមេដាយសំរឹទ្ធ ១ លើវិញ្ញាសាទម្ងន់ ៥៧គីឡូក្រាម ។
- កីឡាករ អ៊ុង ភារាក់ ឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវជួបកីឡាករថៃ នាថ្ងៃស្អែក ដើម្បីប្រកួតដណ្ដើមមេដាយមាស ។

គិតត្រឹមយប់ថ្ងៃទី២០ ខែឧសភានេះ កម្ពុជាដណ្ដើមបានមេដាយសរុប ៥០គ្រឿង រួមមានមេដាយមាស ៧ ប្រាក់ ៩ និងសំរឹទ្ធ ៣៤ ឈរលេខរៀងទី៨ ជាបណ្ដោះអាសន្ន ក្នុងតារាងមេដាយស៊ីហ្គេម ដោយបន្ដឈរលើប្រ៊ុយណេ ឡាវ និងទីម័រខាងកើត ។ យ៉ាងណាមិញ កម្ពុជា បានបំបែកកំណត់ត្រាមេដាយស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅហ្វីលីពីន ដែលដណ្ដើមបានមេដាយសរុបបានត្រឹម ៤៦គ្រឿង រួមមានមេដាយមាស ៤ ប្រាក់ ៦ និងសំរឹទ្ធ ៣៦ ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា មកទល់ពេលនេះ ប្រភេទកីឡារបស់កម្ពុជាភាគច្រើន បានបញ្ចប់ការប្រកួតហើយ នៅតែប្រភេទកីឡាមួយចំនួនប៉ុណ្ណោះ ដែលត្រៀមបន្ដការប្រកួតសេសសល់របស់ខ្លួន ជាមួយនឹងក្ដីសង្ឃឹមដណ្ដើមបានមេដាយបន្ថែម ពិសេសកីឡាវ៉ូវីណាម ដ្បិតមកទល់ពេលនេះ វ៉ូវីណាម ដណ្ដើមបានមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ៦គ្រឿងរួចមកហើយ ខណៈនៅសល់ ៥វិញ្ញាសាទៀត ដែលនឹងត្រូវធ្វើការប្រកួតនាចុងសប្ដាហ៍នេះ មុនពិធីបិទការប្រកួតនាថ្ងៃទី២៣ ខែឧសភាដើមសប្ដាហ៍ក្រោយ ៕