(ឡុងដ៍)៖ សមាគមបាល់ទាត់អង់គ្លេស (FA) បាននឹងកំពុងធ្វើការស៊ើបអង្កេត លើឧប្បតិ្តហេតុទាំងអស់របស់អ្នកគាំទ្រ ដែលបានលុកលុយទីលានប្រកួត និងបានថ្កោលទោស «អាកប្បកិរិយាប្រឆាំងសង្គម» របស់ពួកគេ ថាជាការមិនអាចទទួលយកបានទាំងស្រុង។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍របស់ FA បានធ្វើឡើង បន្ទាប់ពីក្រុមអ្នកគាំទ្រក្លិប Everton បានរត់ចូលទីលានប្រកួតនៅឯកីឡដ្ឋាន Goodison Park ក្រោយពីការស៊ុតបាល់បញ្ចូលទីនៅនាទីទី៨៥ របស់កីឡាករ Dominic Calvert-Lewin និងនៅពេលការផ្លុំកញ្ចែចុងក្រោយនៃការឈ្នះក្នុងលទ្ធផល ៣-២ កាលពីថ្ងៃព្រហស្បតិ៍លើក្រុម Crystal Palace ដែលធានាកៅអីក្រុមរបស់ពួកគេនៅក្នុងលីគ Premier League សម្រាប់រដូវកាលក្រោយទៀត។

អ្នកចាត់ការក្លិប Palace លោក Patrick Vieira ក៏បានជាប់ពាក់ព័ន្ធក្នុងជម្លោះជាមួយនឹងអ្នកគាំទ្រម្នាក់ផងដែរ នៅពេលដែលលោកកំពុងដើរ ឆ្ពោះទៅកាន់បន្ទប់ប្តូរសម្លៀកបំពាក់ បន្ទាប់ពីការផ្លុំកញ្ចែបញ្ចប់ការប្រកួត។

«យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃអាកប្បកិរិយាប្រឆាំងសង្គម ពីក្រុមអ្នកគាំទ្រ នៅពេលដែលយើងឈានដល់ចុងបញ្ចប់នៃរដូវកាល» នេះបើតាម FA បានឲ្យដឹងនាថ្ងៃសុក្រម្សិលមិញ។

«កីឡដ្ឋានបាល់ទាត់ គួរតែជាទីកន្លែងសុវត្ថិភាព និងរីករាយសម្រាប់មនុស្សគ្រប់គ្នា ហើយឧប្បត្តិហេតុទាំងអស់នេះ ពិតជាមិនអាចទទួលយកបានទាំងស្រុង ហើយមិនមានកន្លែងនោះទេនៅក្នុងការប្រកួតរបស់យើង»