(ដតម៉ាន់)៖ គ្រូបង្វឹកក្លិប Borussia Dortmund លោក Marco Rose បានសម្រេចចិត្តលាលែងពីតំណែងជាអ្នកដឹកនាំក្លិប ដែលលេងនៅលីគអាល្លឺម៉ង់ Bundesliga ក្រោយមានការយល់ព្រមពីភាគីទាំងសងខាង បន្ទាប់ពី១រដូវកាលដែលពួកគេបរាជ័យក្នុងការដណ្តើមបានពានរង្វាន់។ នេះបើតាមក្លិប Dortmund បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

Dortmund បានបញ្ចប់ត្រឹមលំដាប់ទី២ ក្នុងលីគ Bundesliga ដាច់ ៨ពិន្ទុនៅពីក្រោយក្រុមម្ចាស់ពានរង្វាន់ Bayern Munich។

Dortmund បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ ក្នុងពូលនៃលីគ Champions League របស់ពួកគេ តាមពីក្រោយក្រុម Ajax Amsterdam និងក្រុម Sporting ខណៈក្នុងលីគ Europa League ត្រូវបានទម្លាក់ចេញដោយក្លិបស្កុតឡេន Rangers។

ក្លិបក៏ត្រូវបានទទួលរងការធ្លាក់ចេញដ៏គួរឲ្យភ្ញាក់ផ្អើលពីលីគ German Cup ដោយក្រុម St Pauli កាលពីខែមករា ស្របពេលដែលពួកគេ បានចាញ់ក្រោមថ្វីជើងក្រុម Bayern ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រលីគ German Super Cup កាលពីខែសីហា ឆ្នាំមុន។

សូមជម្រាបថា លោក Rose បានចូលរួមជាមួយ Dortmund ក្រោយចេញពីក្លិប Borussia Moenchengladbach កាលពីឆ្នាំ២០២១៕