(ហាណូយ)៖ ក្រុមកម្ពុជា បន្តរកបានមេដាយសរុបជាបណ្តោះអាសន្នបាន ៥០គ្រឿងក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ បន្ទាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ កម្ពុជា បានបន្ថែមមេដាយ ១០គ្រឿងទៀត មុនពិធីបិទព្រឹត្តិការណ៍លើកទី៣១ បើធៀបទៅនឹងស៊ីហ្គេម នៅប្រទេសហ្វីលីពីន រកបានសរុបត្រឹម ៤៦គ្រឿងប៉ុណ្ណោះ។

បើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងជាអគ្គលេខាធិការ NOCC ដែលជានាយបេសកកម្មស៊ីហ្គេមរបស់កម្ពុជា បានឲ្យដឹងថា ក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសរុប ៥០គ្រឿង រួមមានមេដាយមាស ៧ ប្រាក់ ៩ និងសំរឹទ្ធ ៣៤ ឈរលេខរៀងទី៨ ជាបណ្ដោះអាសន្ន ក្នុងតារាងមេដាយស៊ីហ្គេម ដោយបន្ដឈរលើប្រ៊ុយណេ ឡាវ និងទីម័រខាងកើត។

តែយ៉ាងណាជាបណ្តោះអាសន្នក្រុមកម្ពុជា បានបំបែកកំណត់ត្រាយ៉ាងអស្ចារ្យសម្រាប់ការរកបានលទ្ធផលមេដាយលើក ពីការប្រកួតស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅហ្វីលីពីន ដែលដណ្ដើមបានមេដាយសរុបបានត្រឹម ៤៦គ្រឿង រួមមានមេដាយមាស ៤ ប្រាក់ ៦ និងសំរឹទ្ធ ៣៦។ ក្នុងនោះកាលពីឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ក្រុមកម្ពុជារកបាន ត្រឹមមេដាយមាស ៣គ្រឿង, ប្រាក់ ២គ្រឿងនិងសំរឹទ្ធ ១២គ្រឿងសរុបបាន ១៧គ្រឿងប៉ុណ្ណោះ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា មកទល់ពេលនេះ ប្រភេទកីឡារបស់កម្ពុជាភាគច្រើន បានបញ្ចប់ការប្រកួតហើយ នៅតែប្រភេទកីឡាមួយចំនួនប៉ុណ្ណោះ ដែលត្រៀមបន្ដការប្រកួតសេសសល់របស់ខ្លួន ជាមួយនឹងក្ដីសង្ឃឹមដណ្ដើមបានមេដាយបន្ថែម ពិសេសកីឡាវ៉ូវីណាម ដ្បិតមកទល់ពេលនេះ វ៉ូវីណាម ដណ្ដើមបានមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ៦គ្រឿងរួចមកហើយ ខណៈនៅសល់ ៥វិញ្ញាសាទៀត ដែលនឹងត្រូវធ្វើការប្រកួតនាចុងសប្ដាហ៍នេះ មុនពិធីបិទការប្រកួតនាថ្ងៃទី២៣ ខែឧសភាដើមសប្ដាហ៍ក្រោយ៕