(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានសេចក្ដីសម្រេច និងអនុញ្ញាតពីសំណាក់រដ្ឋបាលសាលារាជធានីភ្នំពេញ ឱ្យរៀបចំដំណើរការផ្សារបោះដុំឃ្លាំងរំសេវថ្មី សែនសុខ នៅពេលនេះ គណៈគ្រប់គ្រងផ្សារបានធ្វើការរៀបចំទីតាំងសម្រាប់ត្រៀមចាំទទួលបណ្តាអាជីវករទូទៅដែលជាអ្នកផ្គត់ផ្គង់ទំនិញបោះដុំជាមួយការបែងចែកទីតាំង និងស្តង់ធំៗ មានសណ្ដាប់ធ្នាប់ល្អប្រកបដោយអនាម័យ ស្របតាមស្ដង់ដារ រក្សាសោភ័ណភាព សុវត្ថិភាពខ្ពស់ ជាពិសេសមានការកំណត់ចំនួនស្តង់បោះដុំយ៉ាងត្រឹមត្រូវ។

ជាមួយនឹងការរៀបចំ និងត្រៀមដំណើរការជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ គណៈគ្រប់គ្រងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បានកំណត់បែងចែកទីតាំង និងចំនួនស្តង់ទៅតាមប្រភេទមុខទំនិញផ្សេងៗគ្នា ដូចជា៖ ស្ដង់សម្រាប់អ្នកបោះដុំបន្លែមានចំនួនត្រឹម ២០កន្លែង, ស្តង់បោះដុំផ្លែឈើចំនួន ២០កន្លែង, ស្ដង់បោះដុំ និងផ្គត់ផ្គង់ត្រីចំនួន ៤កន្លែង, ស្តង់អ្នកបោះដុំសាច់ជ្រូក សាច់គោ និងសាច់មាន់ចំនួន ២០កន្លែងតែប៉ុណ្ណោះ។

លោក សោម កែវម៉ាលីដា នាយកប្រតិបត្តិក្រុមហ៊ុន សាន់រ៉ាយ ស៊ីធី អ៊ីនវេសម៉ិន ដែលជាអ្នកអភិវឌ្ឍន៍ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បានឱ្យប្រាប់ឱ្យដឹងថា វត្តមានផ្សារបោះដុំទំនិញគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ គឺពិតជាសំខាន់ណាស់ ជាពិសេសប្រភេទផ្សារដែលមានរបៀបរៀបរយ មានស្តង់ត្រឹមត្រូវមានសណ្ដាប់ធ្នាប់ អនាម័យខ្ពស់ និងផាសុកភាពខ្ពស់។

លោក សោម កែវម៉ាលីដា បានបន្ថែមថា ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ មានទីតាំងស្ថិតនៅតំបន់មានសក្ដានុពលអំណោយផលដល់ការប្រកបអាជីវកម្មទូទៅ ជាពិសេសប្រភេទទំនិញលក់បោះដុំ ដែលតម្រូវមានការដឹកជញ្ជូនក្នុងទ្រង់ទ្រាយមធ្យម និងទ្រង់ទ្រាយធំ ដោយសារតែនៅជុំវិញផ្សារមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ច្រើនងាយស្រួលដឹកជញ្ជូន និងស្ថិតនៅចំកណ្តាលនៃខណ្ឌចំនួន៣ រួមមាន ខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌឫស្សីកែវ។

លោកបន្តថា សម្រាប់ទីធ្លាផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខមួយនេះ មានភាពធំទូលាយរហូតដល់ ៤ហិកតា ក្រាលបេតុង មានដំបូលត្រឹមត្រូវ មានទីចំណតធំទូលាយ ដែលអាចផ្ទុករថយន្តបានរាប់រយគ្រឿងប្រកបដោយសុវត្ថិភាព មានបន្ទប់ទឹកស្អាតអនាម័យ មានអគ្គិសនីផ្គត់ផ្គង់គ្រប់គ្រាន់ ២៤ម៉ោង លើ២៤ម៉ោង ហើយហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងផ្សាររួមមាន ផ្លូវសម្រាប់ចរាចរណ៍យ៉ាងទូលាយរហូតដល់ប្រមាណ៦០ភាគរយនៃចំនួនតូបសរុប ដោយបែងចែកចេញជា២ប្រភេទ គឺប្រភេទផ្លូវមេមានទំហំរហូតដល់ ៦ម៉ែត្រ ប្រភេទផ្លូវតូចមានទំហំ៣ម៉ែត្រ ដែលកាន់តែផ្តល់ភាពងាយស្រួលដល់ដំណើរការអាជីវកម្មរបស់អាជីវករទាំងអស់។

សម្រាប់អ្នកដែលមានបំណងលក់ផលិតផល និងទំនិញគ្រប់ប្រភេទនៅផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ អាចទំនាក់ទំនងមកកាន់ទីស្នាក់ការផ្សារដោយផ្ទាល់ ដែលមានទីតាំងស្ថិតនៅ ភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ឬតាមរយៈទូរស័ព្ទលេខ 012 52 68 69 / 087 52 68 69 ដើម្បីទទួលបានទីតាំងល្អ ការបញ្ចុះតម្លៃថ្លៃជួលស្ដង់ ជាពិសេសអាចទទួលបានការផ្តល់ជូនទីតាំងសម្រាប់លក់ដោយមិនគិតថ្លៃផងដែរ។

គួរបញ្ជាក់ថា ដោយមើលឃើញពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក៏ដូចជាបណ្តាអាជីវករទូទៅចំពោះប្រភេទទំនិញលក់បោះដុំ និងរៀបចំសណ្ដាប់ធ្នាប់ នៅក្នុងរាជធានី ភ្នំពេញឱ្យមានរបៀបរៀបរយ មានបង្កើនសោភ័ណភាព សាលារាជធានីភ្នំពេញ បានសម្រេច និងអនុញ្ញាតឱ្យវិស័យឯកជនរៀបចំដំណើរ ការជាផ្លូវការផ្សារ បោះដុំថ្មី មួយកន្លែង មានទីតាំងស្ថិតនៅដីឡូត៍ទំហំ ៤ហិកតា ភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ដែលមានឈ្មោះថា ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ។ នេះបើយោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ៤៥៩ / ២២ ឆត.អ ដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីចុងខែមេសា ឆ្នាំ២០២២កន្លងទៅនេះ៕