(ប៉ារីស)៖ ខ្សែបម្រើឆ្នើម Angel Di Maria នឹងលេង ១ប្រកួតចុងក្រោយក្នុងលីគ Ligue 1 ជាមួយក្លិប Paris St. Germain ប៉ះក្រុម Metz ចុងសប្តាហ៍នេះ មុនពេលចាកចេញពីក្លិបនេះនៅចុងបញ្ចប់កិច្ចសន្យារបស់លោក ខណៈមានក្លិប Juventus កំពុងពិភាក្សាចំពោះការនាំយករូបលោកដោយឥតមានតម្លៃខ្លួន។

មុនពេលកិច្ចសន្យាត្រូវបញ្ចប់ក្នុងរដូវកាលនេះ Di Maria បានរួមចំណែកឈ្នះពាន Ligue 1 ចំនួន ៥លើកជាមួយ PSG ក្នុងរយៈពេល ៧ឆ្នាំ ក្នុងចំណោមការលេងបាន ២៩៤ប្រកួត និងរកបាន ៩១គ្រាប់ និងសរុបឈ្នះពាន ១៨លើក រួមមានពានរង្វាន់ Coupa de Franch ៥លើក, Cuopa de la Ligeu ៤លើក និងពាន Trophee des Champions ៤លើក ចាប់តាំងការផ្ទេរចេញពីក្លិប Manchester United កាលឆ្នាំ២០១៥។

ខណៈអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំការចុះកិច្ចសន្យារបស់លោកជាមួយសេះបង្កង់ Juventus ដែលកំពុងពិភាក្សា ដ្បិតកិច្ចសន្យារបស់បុរសញ្ជាតិអាហ្សង់ទីនរូបនេះ នឹងបញ្ចប់នៅខែក្រោយនេះ៕