(ប៉ារីស)៖ ខ្សែប្រយុទ្ធ Kylian Mbappe បានសម្រេចចិត្តបន្តការលេងរបស់លោក នៅឯក្លិប Paris St Germain, នេះបើតាមសារព័ត៌មានបារាំង L'Equipe បានចេញផ្សាយនាថ្ងៃសៅរ៍នេះ។

ខ្សែប្រយុទ្ធសញ្ជាតបារាំង, ដែលកិច្ចសន្យាបច្ចុប្បន្នរបស់លោក នឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនានោះ, ត្រូវបានលេចលឺព័ត៌មានថា នឹងចូលរួមជាមួយក្លិប Real Madrid។

សារព័ត៌មាន L'Equipe បានចេញផ្សាយថា កិច្ចសន្យាថ្មី, ដែលទំនងជាភ្ជាប់ទំនាក់ទំនងលោក ជាមួយនឹងក្លិបម្ចាស់ជើងឯកបារាំង រហូតដល់ឆ្នាំ២០២៥នោះ, មិនទាន់ត្រូវបានចុះហត្ថលេខា នៅឡើយនោះទេ។

កីឡាករវ័យ២៣ឆ្នាំរូបនេះ បានជួយឲ្យបារាំង ឈ្នះពានរង្វាន់ World Cup ក្នុងឆ្នាំ២០១៨។

PSG បានចុះកិច្ចសន្យានាំយក Mbappe មកពីក្លិប AS Monaco ក្នុងឆ្នាំ២០១៧ នៅក្នុងកិច្ចសន្យា ដែលត្រូវបានគេរាយការណ៍ថា មានតម្លៃប្រមាណ១៨០លានអឺរ៉ូ, បានធ្វើឲ្យរូបលោក ក្លាយជាកីឡាករតម្លៃខ្លួន ថ្លៃជាងគេបំផុត លំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពី Neymar, ដែលបានចូលរួមជាមួយ PSG ក្រោយចេញពីក្លិប Barcelona ក្នុងតម្លៃ២២២លានអឺរ៉ូ។

Mbappe បានស៊ុតបញ្ចូលទី៣៦គ្រាប់ និងជួយឲ្យរកគ្រាប់បាល់២៦គ្រាប់ សម្រាប់ក្លិប PSG នៅក្នុងការប្រកួតទាំងអស់ នារដូវកាលនេះ៕