(មេនឆេស្ទឺ)៖ ខ្សែបម្រើ Phil Foden របស់ក្លិប Manchester City ត្រូវបានតែងតាំងជាកីឡាករវ័យក្មេងល្អបំផុត ប្រចាំរដូវកាល របស់លីគអង់គ្លេស Premier League សម្រាប់ឆ្នាំទី២ជាប់គ្នា, នេះបើតាមការប្រកាសពីលីគ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ។

Foden បានយកឈ្នះលើកីឡាករចំនួន៧នាក់ផ្សេងទៀត ក្នុងការទទួលបានរង្វាន់នេះ ក្នុងនោះរួមទាំងកីឡាករ Trent Alexander-Arnold, Declan Rice និងកីឡាករ Bukayo Saka ផងដែរ បន្ទាប់ពីលោកបានទទួលការបោះឆ្នោតគាំទ្រ រួមបញ្ចូលគ្នាច្រើនជាងគេ ពីសំណាក់សាធារណៈជន និងគណៈកម្មាធិការ Premier League។

កីឡាករវ័យ២១ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី៩គ្រាប់ និងជួយឲ្យរកគ្រាប់បាល់បាន៥គ្រាប់បន្ថែមទៀត ក្នុងការបង្ហាញខ្លួន២៧ប្រកួត សម្រាប់ក្រុមរបស់លោក Pep Guardiola ក្នុងរដូវកាលនេះ៕