(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅថ្ងៃទី២២ ខែឧសភានេះ បានដឹកនាំប្រតិភូកម្ពុជា ទៅទីក្រុងហាណូយ ដើម្បីចូលរួមពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នាថ្ងៃស្អែក ពិសេសដើម្បីទទួលទង់ស៊ីហ្គេម សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះបន្ដវេន នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

បេសកកម្មរបស់មន្ដ្រីជាន់ខ្ពស់ និងប្រតិភូពិសេសរបស់កម្ពុជា ដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ នេះ អមដំណើរដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍ CAMSOC ប្រធាន NOCC និងជាប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ រួមជាមួយប្រតិភូជាច្រើនរូបទៀត ដើម្បីត្រៀមចូលរួមពិធីបិទព្រឹត្តិការណ៍កីឡាប្រចាំតំបន់ខាងលើ នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។

សូមបញ្ជាក់ថា ក្នុងពិធីបិទការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ស្អែកនេះដែរ ក្រៅពីការអញ្ជើញចូលរួមរបស់មន្ដ្រីជាន់ខ្ពស់កម្ពុជា CAMSOC បានបញ្ជូនក្រុមសិស្បៈករ-សិល្បៈការិនី និងក្រុមកីឡាក្បាច់គុនល្បុក្កតោជាច្រើនរូប ដើម្បីធ្វើការសម្ដែងអមអរសាទរពិធីប្រគល់-ទទួលទង់ស៊ីហ្គេម សម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា និងទាក់ទាញភ្ញៀវទេសចរ ពិសេសបណ្ដាប្រទេសក្នុងតំបន់ ត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា នាឆ្នាំក្រោយផងដែរ ៕