(ហាណូយ)៖ ក្រុមអត្តពលិកកីឡាកាយសម្ព័ន្ធកម្ពុជា បានបន្ថែមមេដាយប្រាក់ ១គ្រឿងទៀតហើយ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ នៅតសៀលថ្ងៃទី២២ ខែឧសភានេះ លើវិញ្ញាសាក្រុម ដោយកីឡាករ ជឿន ចាន់បូរី, កីឡាករ ត្រន ប៊ុនធឿន, កីឡាករ ង៉ែត តុលា, កីឡាករ ហាស់ សុខហ៊ និងកីឡាការិន ម៉ូ ស្រីពៅ ។

នេះគឺជាមេដាយប្រាក់ទី៣ ក្នុងចំណោមមេដាយ ៤គ្រឿង (សំរឹទ្ធ ១) ដែលក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះ ហើយក៏ជាប្រវត្តិសាស្ដ្រថ្មីមួយទៀត ដែលក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមមេដាយជាបន្ដបន្ទាប់ ដ្បិតកន្លងមក កីឡាកាយសម្ព័ន្ធកម្ពុជា មិនធ្លាប់ដណ្ដើមបានមេដាយអ្វីនោះទេ ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានសម្ដែងការពេញចិត្ត និងរីករាយ ចំពោះលទ្ធផលមួយនេះ តាមរយៈការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនីផ្ទាល់ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់របស់ប្រធានសហព័ន្ធលោករដ្ឋមន្ដ្រី ថោង ខុន ពិសេសការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ៕