(ហាណូយ)៖ នៅព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២២ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ( CAMSOC) អមដំណើរដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មាធិការជាតិ (CAMSOC) ព្រមទាំងសមាជិកប្រតិភូអមដំណើរ បានអញ្ជើញទៅដល់រដ្ឋធានីហាណូយ ប្រទេសវៀតណាម ដើម្បីចូលរួមពីធីបិទការប្រកួតស៊ីហ្គេមលើកទី ៣១ ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ និងទទួលទង់ស៊ីហ្គេមលើកទី ៣២ សម្រាប់កម្ពុជាធ្វើម្ចាស់ផ្ទះឆ្នាំក្រោយ២០២៣។

អញ្ជើញទៅទទួលសម្ដេចពិជ័យសេនា ទៀ បាញ់ ដល់អាកាសយានដ្ឋានអន្តរជាតិ ណូយបៃ ទីក្រុងហាណូយ មាន៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ ខេម សុខ (CAMSOC) និងជាប្រធានប្រតិភូកីឡាកម្ពុជា ក្នុងការប្រកួតស៊ីហ្គេម តំណាងក្រសួងការបរទេសវៀតណាម តំណាងគណៈកម្មការរៀបចំស៊ីហ្គេមវៀតណាម ( VIESGOC ) ឯកអគ្គរាជទូតកម្ពុជា និង សេនានុពន្ធ័កម្ពុជា ប្រចាំទីក្រុងហាណូយ ប្រទេសវៀតណាម និង ក្រុមការងារនៃគណៈកម្មការជាតិ (CAMSOC) ជាច្រើនរូបទៀត៕