(ហាណូយ)៖ កម្ពុជាបានបញ្ចប់ការប្រកួតកីឡា នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ហើយ នៅថ្ងៃទី២២ ខែឧសភានេះ មុនពិធីបិទផ្លូវការនាល្ងាចស្អែក ដោយកម្ពុជា បានបំបែកឯកត្ដកម្មមេដាយស៊ីហ្គេមលើកមុនៗ ក្រោយដណ្ដើមបានមេដាយសរុប ៦៣គ្រឿង (មាស៩ ប្រាក់ ១៣ និងសំរឹទ្ធ ៤១) ហើយមេដាយមាស និងមេដាយប្រាក់ បានកើនឡើងទ្វេដង បើធៀបនឹងស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន។

សម្រាប់ថ្ងៃចុងក្រោយ នៃការប្រកួតកីឡានេះដែរ ក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយ ៤គ្រឿងបន្ថែមទៀត រួមមានមេដាយមាស ១គ្រឿង ដោយកីឡាករប្រដាល់គុនខ្មែរ ប៉ោ ភារិទ្ធ ហៅ យ៉េន ឌីណា, មេដាយប្រាក់ ៣គ្រឿង ដោយកីឡាករប្រដាល់សកល អ៊ុង ភារាក់ និងក្រុមកីឡាកាយសម្ព័ន្ធ ២គ្រឿង(លើវិញ្ញាសាវាយគូ MP និងវិញ្ញាសាជាក្រុម ៥នាក់) និងមេដាយសំរឹទ្ធ ១ ដណ្ដើមបានដោយក្រុមកីឡាវ៉ូវីណាម។

លោក វ៉ាត់ ចំរើន នាយបេសកកម្មស៊ីហ្គេមកម្ពុជា បានបញ្ជាក់ថា ក្នុងចំណោមមេដាយ ៦៣គ្រឿង ដែលកម្ពុជាទទួលបានពីព្រឹត្តិការណ៍កីឡាប្រចាំតំបន់ ២ឆ្នាំខាងលើ គឺដណ្ដើមបានដោយអត្តពលិក ១៥ប្រភេទកីឡា លើ ៣៣ប្រភេទកីឡា ដែលកម្ពុជា បានបញ្ជូលកីឡាករ-កីឡាការិនីចូលរួមការប្រកួត នៅប្រទេសវៀតណាម តាំងពីថ្ងៃទី០៨ ខែឧសភា មុនពិធីបើកការប្រកួតផ្លូវការ កាលពីថ្ងៃទី១២ ខែឧសភា រួមមាន៖

១-កីឡាវ៉ូវីណាម ឈ្នះមេដាយមាស ៣ ប្រាក់ ២ និងសំរឹទ្ធ ៩ សរុប ១៤គ្រឿង។
២-កីឡាប៉ូល និងប៉េតង់ ឈ្នះមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ៣ សរុប ៧គ្រឿង។
៣-កីឡាឃីកបុកស៊ីង ឈ្នះមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ១ សរុប ៥គ្រឿង។
៤-កីឡាចំបាប់ ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ៦ សរុប ៦គ្រឿង។
៥-កីឡាប្រដាល់គុនខ្មែរ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ៦ សរុប ៧គ្រឿង។
៦-កីឡាតេក្វាន់ដូ WT ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ៣ សរុប ៥គ្រឿង។
៧-កីឡាកាយសម្ព័ន្ធ ឈ្នះមេដាយប្រាក់ ៣ និងសំរឹទ្ធ ១ សរុប ៤គ្រឿង (ប្រវត្តិសាស្ដ្រ)។
៨-កីឡាប្រដាល់សកល ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ៣ សរុប ៤គ្រឿង។
៩-កីឡាការ៉ាតេ ឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង (ប្រវត្តិសាស្ដ្រ)។
១០-កីឡាវូស៊ូ ឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង។
១១-កីឡាបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង (ប្រវត្តិសាស្ដ្រ)។
១២- កីឡាយូដូ ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង។
១៣-កីឡាហែលទឹក ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង (កំណត់ត្រាប្រវត្តិសាស្ដ្រ)។
១៤-កីឡាជឺជីតស៊ូ ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង។
១៥-កីឡាទូករ៉ូអ៊ីង ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង។

សូមរំឮកថា កាលស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន កម្ពុជាដណ្ដើមបានមេដាយសរុបត្រឹម ៤៦គ្រឿងប៉ុណ្ណោះ ក្នុងនោះមានមេដាយមាស ៤ ប្រាក់ ៦ និងសំរឹទ្ធ ៣៦។ តាមរយៈលទ្ធផលនេះ គឺជាការបំបែកឯកត្តកម្មមួយដ៏ល្អ សម្រាប់ស៊ីហ្គេមលើកចុងក្រោយ និងជាស៊ីហ្គេមយុទ្ធសាស្ដ្ររបស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។ រីឯកីឡាមួយចំនួនធំ ទោះបីមិនទាន់ទទួលបានមេដាយ ក៏បានឡើងផុតវគ្គជម្រុះ រហូតដល់វគ្គដណ្ដើមមេដាយជាច្រើនប្រភេទកីឡាផងដែរ។

គិតត្រឹមយប់ថ្ងៃទី២២ ខែឧសភានេះ សកម្មភាពកីឡាទាំងអស់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ បានបញ្ចប់ការប្រកួតអស់ហើយ នៅឡើយពិធីបិទប៉ុណ្ណោះ ដែលនឹងត្រូវរៀបចំនាល្ងាចថ្ងៃទី២៣ ខែឧសភាស្អែក នៅទីក្រុងហាណូយ ដោយនឹងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC អមដំណើរដោយលោករដ្ឋមន្ដ្រី ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ CAMSOC និងជាប្រធាន NOCC ដើម្បីទទួលទង់ស៊ីហ្គេម សម្រាប់បន្ដវេនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ផងដែរ៕