(ប៊ែរឡាំង)៖ តុលាការអាឡឺម៉ង់សម្រេចដាក់ការហាមឃាត់ការលក់ និងផលិតទូទាំងប្រទេសលើរថយន្ត Ford ដែលមានសមត្ថភាពតភ្ជាប់អ៊ីនធឺណិត ដែលជាការឆ្លើយតបទៅនឹងបណ្តឹងជុំវិញការរំលោភលើប៉ាតង់បច្ចេកវិទ្យាឥតខ្សែ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

ទាក់ទងទៅនឹងបណ្តឹងខាងលើនេះត្រូវបានធ្វើឡើងដោយដើមបណ្តឹងក្រុមហ៊ុន IP Bridge Inc របស់ប្រទេសជប៉ុន នៅក្នុងសាលក្រមរបស់តុលាការក្នុងតំបន់ Munich ខណៈដែលប្រភពបានបង្ហាញថាតុលាការក្នុងតំបន់នេះ មិនមានកាតព្វកិច្ចស្របច្បាប់ក្នុងការសម្រេចនោះទេ ប៉ុន្តែនៅតែអាចប្តឹងឧទ្ធរណ៍បាន ដោយតម្រូវឱ្យក្រុមហ៊ុន Ford មានការបង់ប្រាក់សន្តិសុខ ប្រមាណ ២២៧លានអឺរ៉ូ (ប្រហែល ២៤០លានដុល្លារ) ថែមទៀតផង។

សេចក្តីសម្រេចនេះ បានឆ្លុះបញ្ជាំងពីភាពតានតឹងកាន់តែខ្លំាងឡើងរវាងក្រុមហ៊ុនបច្ចេកវិទ្យាដែលចង់ឱ្យក្រុមហ៊ុនផលិតរថយន្ត បង់ថ្លៃសួយសារអាករសម្រាប់បច្ចេកវិទ្យាដែលប្រើប្រាស់នៅក្នុងដំណើរការរថយន្តផ្សេងៗដូចជា ប្រព័ន្ធ GPS (Navigation Systems), ប្រព័ន្ធទំនាក់ទំនងរថយន្ត (Vehicular communication systems ) ក៏ដូចជារថយន្តដែលបើកបរដោយខ្លួនឯង ក្នុងការជំរុញរបស់ពួកគេឆ្ពោះទៅរកការបើកបរដោយស្វ័យប្រវត្តិ។

យ៉ាងណាមិញចំពោះករណីនេះក្រុមហ៊ុន Ford បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ហេតុផលនៃសំណុំរឿងរបស់តុលាការនេះ គឺការផ្តល់អាជ្ញាប័ណ្ណប៉ាតង់ស្តង់ដារសំខាន់ៗសម្រាប់បណ្តាញ LTE» ខណៈ Ford ក៏មិនទាន់ទទួលបានមតិជាលាយលក្ខណ៍អក្សររបស់តុលាការ ដូច្នេះក្រុមហ៊ុននេះសុំមិនធ្វើការអត្ថាធិប្បាយលើបញ្ហានេះនៅពេលនេះទេ៕