(មីឡាន)៖ AC Milan បានគ្រងតំណែងជើងឯកលីគកំពូល Serie A របស់អ៉ីតាលីជាលើកដំបូង ក្រោយរង់ចាំអស់រយៈ ពេល ១១ឆ្នាំមកនេះ។

នេះក៏ជាលើកទី១៩ ផងដែរសម្រាប់ AC Milan ដែលដណ្តើមបានជើងឯកលីគ ដ្បិតខកខានឈ្នះ ១១ឆ្នាំមកនេះ នៅ ពេលឈ្នះចុងក្រោយក្នុងឆ្នាំ២០១១ នៅពេលបន្តរកបានជ័យជម្នះ ៣ទល់នឹង០ ទៀតនៅក្នុងផ្ទះរបស់ Sassuolo នៅថ្ងៃបិទបញ្ចប់រដូវកាលឆ្នាំ២០២១-២០២២។

ខ្សែប្រយុទ្ធអន្តរជាតិបារាំង Olivier Giroud រកបាន ២គ្រាប់ម្នាក់ឯង នៅពេលមិត្តរួមក្រុម Franck Kessie រកបាន ១គ្រាប់ផងដែរ ដើម្បីជួយ AC Milan យកបាន ៣ពិន្ទុដោយស្រួលនៅក្នុងផ្ទះរបស់ Sassuolo ដើម្បីនាំមុខកំពូល ២ពិន្ទុពីក្រុមជើងឯករដូវកាលមុន Inter Milan ក្នុងចំណោម ៣៨ប្រកួតរបស់ពួកគេ។

ក្រុមអ្នកគាំទ្រក្លិប AC Milan ពុំសប្បាយចិត្តឡើយ នៅពេលតែងតាំងលោក Stefano Pioli ឲ្យដឹកនាំក្លិបរបស់ពួកគេកាលឆ្នាំ២០១៩ តែលោកអាចធ្វើបានតាមរយៈឈ្នះជើងឯកលីគ Serie A ក្រោយខកខាន ១១ឆ្នាំមកនេះ និងជាពិសេសនាំមុខអតីតក្លិបចាស់របស់លោក Inter Milan ២ពិន្ទុទៀតពីតំណែងកំពូលតារាងថែមទៀតផង។

តាមរយៈជ័យជម្នះលីគនេះដែរ កីឡាករខ្សែបម្រើប្រយុទ្ធ Daniel Maldini ក៏បានដើរតាមគន្លងរបស់ឪពុក Paolo Maldini ដែលឈ្នះ Serie A បាន ៧លើក និងជីតា Cesare Maldini ឈ្នះពាន Serie A បាន ៤លើកផងដែរជាមួយ AC Milan៕