(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃទី២៣ ខែឧសភានេះ បានបង្ហាញបញ្ជីឈ្មោះបឋមកីឡាករ នៃក្រុមជម្រើសជាតិកម្ពុជា ដើម្បីធ្វើការប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិទល់នឹងក្រុមជម្រើសជាតិទីម័រខាងតកើត នាថ្ងៃទី០២ ខែមិថុនាខាងមុខ មុនចេញទៅប្រកួតវគ្គចែកពូលជុំទី៣ នៃពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup China 2023 (Qualifiers) នៅសប្ដាហ៍បន្ទាប់។

សម្រាប់បញ្ជីឈ្មោះកីឡាករបឋមដែលសហព័ន្ធបានប្រកាសព្រឹកនេះមានចំនួន ២៧នាក់ រួមមានសមាជិកក្លិបវិសាខា ៩រូប, ព្រះខ័នរាជស្វាយរៀង ៦រូប, បឹងកេត ៥រូប, ភ្នំពេញក្រោន ៣រូប, ណាហ្គាវើលដ៏ ១រូប, ព្រៃវែង ១រូប រួមជាមួយកីឡាករ កុក បូរីស (សមាជិកក្លិបភ្នំពេញក្រោន) ដែលកំពុងប្រកបអាជីពក្រោមលក្ខខណ្ឌខ្ចីជើងនៅក្លិប Sarawak United នៃលីគកំពូលម៉ាឡេស៊ីផងដែរ។ ការហ្វឹកហាត់ គ្រោងចាប់ផ្ដើមនៅថ្ងៃទី២៥ ខែឧសភាខាងមុខនេះ។

សូមរំឮកថា បន្ទាប់ពីទម្លាក់ក្រុមកោះហ្គាំរបស់សហរដ្ឋអាមេរិក ត្រឹមវគ្គ Play-Off ក្រុមគោព្រៃកម្ពុជា បានចាប់ឆ្នោតប្រកួតវគ្គចែកពូលជុំទី៣ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ីខាងលើ ដោយស្ថិតក្នុងពូល D ជាមួយឥណ្ឌា ហុងកុង និងអាហ្វហ្គានីស្ថាន ហើយការប្រកួតនឹងធ្វើឡើងនៅទឹកដីកណ្ដាលនៃប្រទេសឥណ្ឌា ដែលទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០៨-១៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕