(មេនឆេស្ទើ)៖ លោក Pep Guardiola បានដឹកនាំក្លិបអាជីពឈ្នះជើងឯកលីគជាលើកទី១០ ក្នុងនាមជាគ្រូបង្វឹកអាជីព គិតចាប់តាំងពីឆ្នាំ២០០៧ មក។

ក្នុងរយៈពេលជាង ១៥ឆ្នាំមកនេះ បានដឹកនាំក្លិបក្នុងស្រុក FC Barcelona ឈ្នះពានលីគអេស្ប៉ាញ La Liga បានចំនួន ៣ដង មុនពេលឈប់ទៅដឹកនាំ Bayern Munich ដែលឈ្នះពានលីគកំពូល Bundesliga បាន ៣ដងដូចគ្នា មុនពេលមកកាន់ការងារនៅអង់គ្លេស ក្នុងក្លិបមេឃខៀវ Manchester City ដែលឈ្នះពាន Premier League បាន ៤ដង រាប់ទាំងឆ្នាំ២០២២ នេះផងដែរ។

ក្រោយគ្រងតំណែងជើងឯក Premier League ជាលើកទី៤ ជាមួយ City ក្នុងរយៈពេល ៥រដូវកាលមកនេះ បុរសសញ្ជាតិអេស្ប៉ាញខាងលើនេះបានថ្លែងប្រាប់ BBC ថា «ពួកយើងគឺជាក្រុមនិម្មិតរូបដែលគួរឲ្យចងចាំ ដ្បិតក្រុមនេះពោរពេញទៅដោយកីឡាករល្អៗជាច្រើន ដ្បិតអ្វីដែលពួកយើងទទួលបាននៅពេលនេះ គឺបានមកដោយលំបាកក៏ដោយ ដូចកាល Sir Alex Ferguson ធ្លាប់ធ្វើបានជាមួយ Manchester United ជាច្រើនឆ្នាំកន្លងមក»

សូមបញ្ជាក់ផងថា City បានក្លាយជាជើងឯកលីគ Premier League រដូវកាលឆ្នាំ២០២១-២០២២ នៅពេលនាំមុខកំពូលតារាងត្រឹមតែ ១ពិន្ទុប៉ុណ្ណោះពីហង្សក្រហម Liverpool ពីពិន្ទុសរុប ៩៣ ក្នុងចំណោម ៣៨ប្រកួត ពោលគឺក្រោយពេលវាយបកឈ្នះ Aston Villa ៣ទល់នឹង២ នៅកីឡដ្ឋាន Etihad របស់ខ្លួន ស្របពេលដែល Liverpool ក៏បានយកឈ្នះ Wolves ៣-១ ផងដែរនៅកីឡដ្ឋាន Anfield ដែលរកបាន ៩២ពិន្ទុ៕